ប្រសិន បើអ្នកស្រលាញ់ Galaxy Note 5 ហើយចង់ជាវយកមកប្រើប្រាស់ ប៉ុន្តែមិនចង់បានពណ៌ធម្មតាដូចអ្នកដទៃប្រើទេនោះ ឥលូវនេះមានជម្រើសថ្មីមួយបន្ថែមទៀតសម្រាប់អ្នក គឺទូរសព្ទដែលស្រោបដោយមាស។
ក្រុមហ៊ុន Karalux ប្រចាំនៅប្រទេសវៀតណាមដែលធ្លាប់បានចេញលក់ Galaxy S6 និង S6 Edge ស្រោបមាសនាពេលកន្លងមក ឥលូវនេះបានផលិតម៉ូដែលមួយទៀត ដែលស្រោបមាសដូចគ្នាគឺ Galaxy Note 5។ Galaxy Note 5 នេះគឺមានគែមជុំវិញស្រោបដោយសារធាតុមាស ៩៩,៩៩ភាគរយ ព្រមទាំងមាននៅជុំវិញកាមេរ៉ានិងភ្លើង Flash ផងដែរ។
ការស្រោបមាសប្រព្រឹត្តទៅដោយរុះរើសំបក ឬគ្រឿងផ្សេងៗរបស់ Galaxy Note 5 ចេញ បន្ទាប់មកចាប់ផ្ដើមស្រោបមាស ដែលត្រូវឆ្លងកាត់១០ដំណាក់កាលឯណោះ។ ក្រៅពីមានសម្បកស្រោបមាសហើយ ទូរសព្ទនេះមិនមានចំណុចពិសេសអ្វីផ្សេងលើសពីទូរសព្ទដើមនោះទេ។
សម្រាប់ Galaxy Note 5 ដែលស្រោបមាសនេះមានដាក់លក់នៅក្នុងតម្លៃ ១៤៥០ដុល្លារ ដោយលោកអ្នកអាចធ្វើការកុម្ម៉ង់ទិញតាមគេហទំព័រ eBay បាន៕