ក្រុមហ៊ុន Huawei បានប្រកាសអំពីវត្តមានរបស់ទូរសព្ទជំនាន់ថ្មីរបស់ខ្លួន ដែលមានលក្ខណៈពិសេស ប្លែកខុសពីទូរសព្ទជំនាន់មុនៗ។
ទូរសព្ទដែលក្រុមហ៊ុនបានបង្ហាញនោះគឺម៉ូដែល Honor 7i ដោយមានការរចនារូបរាងយ៉ាងស្រស់ស្អាត និងមានបំពាក់កាមេរ៉ាខុសប្លែកពីមុន។ កាមេរ៉ាខាងក្រោយរបស់ទូរសព្ទនេះអាចធ្វើការបត់ទៅខាងមុខបាន ដែលអាចធ្វើការថត Selfie ក្នុងកម្រិតមួយដ៏ច្បាស់ល្អ។ ចំណែកមុខងារស្កេនក្រយៅដៃជាទូទៅគេបង្កប់វានៅលើប៊ូតុង Home ប៉ុន្តែសម្រាប់ម៉ូដែល 7i នេះគឺស្ថិតនៅផ្នែកខាងឆ្វេងនៃទូរសព្ទ។
ចំពោះសមត្ថភាពនៃទូរសព្ទគឺមានបំពាក់នូវ CPU ប្រភេទ Snapdragon 616 ដែលមានប្រាំបី Core គឺបួន Core ល្បឿន ១,៥GHz ឯបួន Core ទៀតល្បឿន ១,២GHz។ សម្រាប់ទំហំ RAM គឺមានចំនួន ៣GB មានអង្គចងចាំ ៣២GB ថ្មមានថាមពល ៣១០០mAh និងមានរន្ធ Nano-Sim ចំនួនពីរ។ កាមេរ៉ាដែលគេបានបំពាក់លើទូរសព្ទនេះគឺមានទំហំ១៣មេហ្គាភិកស្សែល មានភ្លើង LED ចំនួនពីរអាចផ្ដិតយករូបភាពបានច្បាស់ក្នុងទីងងឹត។