ក្លិប តោខៀវ Chelsea បានយកឈ្នះ Manchester United ក្នុងការប្រជែងទិញខ្សែបម្រើប្រយុទ្ធ Pedro ពី Barcelona បានសម្រេចកាលពីម្សិលមិញ ខណៈដែលគេជឿថា អ្នកចាត់ការ Jose Mourinho បានទូរស័ព្ទទៅកីឡាករអេស្ប៉ាញរូបនេះផ្ទាល់ ដើម្បីបញ្ចុះបញ្ចូលកុំឲ្យទៅក្រុមលោក Louis van Gaal ដោយលួងលោមឲ្យផ្ទេរទៅ Stamford Bridge ជំនួសវិញ។
Chelsea បានព្រមព្រៀងតម្លៃជាមួយ Barca ប្រមាណ ២១,១លានផោន (ជាង៣៣លានដុល្លារ) សម្រាប់កីឡាករវ័យ២៨ឆ្នាំ Pedro ហើយកីឡាកររូបនេះ នឹងពិនិត្យសុខភាពនៅថ្ងៃព្រហស្បតិ៍នេះ និងអាចចូលលេងបាន ពេលតោខៀវ ប៉ះ West Bromwich Albion នៅចុងសប្ដាហ៍នេះ បើអាចរត់ការឯកសារនានាទាន់ពេលវេលា។
Man Utd ចាប់អារម្មណ៍លើ Pedro ជាច្រើនខែមកហើយ ដោយគេជឿថា កីឡាកររូបនេះនឹងផ្ទេរទៅអង់គ្លេស គឺមានតែក្រុមបិសាចក្រហមប៉ុណ្ណោះ ហើយក៏គ្មាននរណាគិតដល់ ថានឹងអាចផ្ទេរទៅក្រុមគូប្រជែង Chelsea ដែរ។ ប៉ុន្តែនៅល្ងាចថ្ងៃពុធម្សិលមិញ បានធ្វើកក្រើកសារព័ត៌មានកីឡាជុំវិញពិភពលោក ដោយសារតែការផ្ទេរមួយនេះ។
ការផ្ទេរនេះមានន័យថា ជាការទិញចូលទី២ហើយ សម្រាប់ក្រុមការពារតំណែងជើងឯកមួយនេះ បន្ទាប់ពីទិញបានខ្សែការពារ Baba Rahman ពីក្លិប Augsburg តម្លៃ២២លានផោន (ជាង៣៤,៥លានដុល្លារ) ប៉ុន្មានថ្ងៃមុន។ ការទិញចូលយ៉ាងប្រញាប់ប្រញាល់នេះ ក៏ត្រូវបានគេយល់ឃើញផងដែរថា គឺដោយសារ Chelsea ចាប់ផ្ដើមរដូវកាលមិនបានល្អ ដោយ២ប្រកួត រកបានតែ១ពិន្ទុគត់៕