Angel di Maria មានសង្ឃឹមខ្ពស់ថានឹងអាចជួយក្រុម Paris Saint-Germain លើកពាន UEFA Champions League បានសម្រាប់រដូវកាលថ្មីនេះ បន្ទាប់ពីរូបគេបានធ្វើតេស្ដសុខភាពរួចរាល់ហើយកាលពីយប់មិញ។
Di Maria ដែលចាកចេញពី Manchester United ទៅ PSG ក្នុងតម្លៃខ្លួន៤៤,៣លានផោន បានប្រាប់ទៅ BeIN Sports ថា៖ “ខ្ញុំបានសប្បាយចិត្តដែលបានមក PSG ។ ពួកគេមានឡើងទៅវគ្គ៨ក្រុមចុងក្រោយនៅ Champions រហូតប៉ុន្មានរដូវកាលមកនេះ ដូច្នេះគោលបំណងរបស់ខ្ញុំគឺមកដើម្បីជួយក្រុមសម្រេចបំណងលើកពាន រដូវកាលថ្មី។ ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាព”។
បិសាចក្រហមទិញខ្សែបម្រើស្លាបសញ្ជាតិអាហ្សង់ទីនខាងលើពី Real Madrid មកក្នុងតម្លៃខ្លួន៥៩,៧លានផោនកាលពីឆ្នាំមុន ប៉ុន្តែដោយសារតែរូបគេបង្ហាញទម្រង់លេងមិនល្អក្នុងរយៈពេលមួយ រដូវកាលកន្លងមក ទើបធ្វើឱ្យលោក Van Gaal សម្រេចចិត្តលក់ចេញតែម្ដង។ មួយរដូវកាលរបស់ Di Maria នៅ Old Trafford រូបគេបង្ហាញខ្លួនបាន៣២ប្រកួតនិងរកគ្រាប់បាល់បាន៤គ្រាប់៕