ក្លិប បិសាចក្រហម Manchester United ទាមទារឲ្យក្លិប Paris Saint-Germain បង់ប្រាក់បន្ថែមប្រមាណ៣លានផោនទៀត (ជិត៤,៧លានដុល្លារ) សម្រាប់ការទិញយកខ្សែបម្រើ Angel di Maria ដោយសារកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ ល្មើសទៅនឹងលក្ខខ័ណ្ឌរបស់ក្លិប ដែលបានអនុញ្ញាត។
តម្លៃខ្លួនពិតប្រាកដរបស់ Di Maria ដែលផ្ទេរពី Old Trafford ទៅក្លិប PSG ត្រូវបានគេជឿថាប្រហែល៤៣លានផោន (ជាង៦៧លានដុល្លារ) ប៉ុន្តែអ្នកចាត់ការ Louis van Gaal បានខឹងខ្លាំង ហើយទាមទារឲ្យក្លិបជើងឯកបារាំងបង់ប្រាក់៣លានផោនបន្ថែមទៀត ដោយសារតែកីឡាករវ័យ២៧ល្មើសលក្ខខ័ណ្ឌរបស់ក្លិប។
រឿងរ៉ាវដែលធ្វើឲ្យលោក Van Gaal ខឹងខ្លាំងគឺដោយសារឃើញរូបភាព Di Maria បានថតជាមួយម្ចាស់ក្លិប PSG នៅប្រទេសកាតារ តាំងពីចុងសប្ដាហ៍មុន ខណៈដែលពេលនោះលោកអនុញ្ញាតច្បាប់ឲ្យកីឡាកររូបនេះ ទៅចរចាលក្ខខ័ណ្ឌជាមួយក្លិបបារាំង មិនមែនឡើងយន្តហោះទៅពិនិត្យសុខភាពនៅប្រទេសកាតារឡើយ។
អ្នកចាត់ការ Van Gaal ទាមទារឲ្យក្លិបបារាំងត្រូវបង់ថ្លៃសរុបប្រមាណ៤៦លានផោន សម្រាប់អតីតកីឡាករក្រុម Real Madrid រូបនេះ។ Di Maria ក៏ត្រូវបានលោក Van Gaal កាត់ថ្លៃឈ្នួល២សប្ដាហ៍ផងដែរ ដោយសារមិនបានជួយក្រុម ក្នុងការប្រកួតមិត្តភាពនៅអាមេរិក។
យ៉ាងណាក្តី ខាងក្លិប PSG ពុំទាន់ចេញមកបង្ហាញពីប្រតិកម្មយ៉ាងណានៅឡើយទេ ចំពោះរឿងខាងលើនេះ៕