កាល ពីថ្ងៃម្សិលមិញនេះក្រុមហ៊ុនបណ្ដាញសង្គម Facebook បានប្រកាសដាក់ឲ្យដំណើរការនូវមុខងារថ្មីមួយបន្ថែមទៅលើកម្មវិធី Facebook Mentions ដែល ជាកម្មវិធីមួយបានដាក់ឲ្យប្រើប្រាស់កាលពីខែកក្កដាឆ្នាំ ២០១៤។ ប៉ុន្តែមុខងារថ្មីនេះប្រើបានតែបុគ្គលល្បីៗដូចជាតារាសម្ដែង តន្ត្រីករ អត្តពលិក អ្នកនយោបាយ និងអ្នកល្បីៗផ្សេងទៀតដើម្បីទាក់ទងជាមួយអ្នកគាំទ្ររបស់ពួក គេតែប៉ុណ្ណោះ។
មុខងារថ្មីនេះមានឈ្មោះថា Live ដែលអាចឲ្យអ្នកល្បីធ្វើការថតវីដេអូ និងផ្សាយបន្តផ្ទាល់ (Live) ទៅកាន់អ្នកគាំទ្ររបស់ពួកគេនៅលើទំព័របណ្ដាញសង្គម Facebook។ សម្រាប់អ្នកគាំទ្រដែលបាន Follow អ្នកល្បីៗទាំងនោះនឹងទទួលបាន News Feed ឬ Notification ពេលអ្នកល្បីៗទាំងនោះចាប់ផ្ដើម Live វីដេអូរបស់ពួកគេ។ អ្នកគាំទ្រក៏អាច Like, Comment ឬ Share វីដេអូនោះបានផងដែរ។
អំឡុងព្រឹត្តិការណ៍ប្រកាសម្សិលមិញនេះដែរ ក៏មានតារាល្បីមួយចំនួនដូចជា Dwayne “The Rock” Johnson, Serena Williams, Michael Buble , Martha Stewart និងអ្នកល្បីៗជាច្រើនទៀតបានថតវីដេអូ និង Live វីដេអូរបស់ពួកគេទៅកាន់អ្នកគាំទ្រ ក៏ដូចជាដើម្បីជួយផ្សព្វផ្សាយនូវមុខងារថ្មីនេះផងដែរ៕