កាន់ តែច្បាស់មែនទែនហើយនូវរូបរាងស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung ដែលគេគ្រោងនឹងធ្វើការប្រកាសនាថ្ងៃទី១៣ ខែសីហាខាងមុខនេះ។
រូបភាពមួយសន្លឹកដែលបានបង្ហោះនៅលើបណ្ដាញសង្គម Twitter ត្រូវបានគេប៉ាន់ស្មានថា នោះជារូបភាពដែលបង្ហាញអំពីរូបរាងរបស់ Galaxy Note 5 និង S6 Edge Plus។ បើតាមរយៈរូបភាពគេឃើញថា Galaxy Note 5 ដែលស្ថិតនៅខាងឆ្វេងមានការរចនាម៉ូដយ៉ាងស្រស់ស្អាតខុសប្លែកពី Galaxy Note 4។ ចំណែកឯ Galaxy S6 Edge Plus មានរូបរាងមិនខុសពី Galaxy S6 Edge ប៉ុន្មាននោះទេ។ ប្រភពពី Twitter ក៏បានបង្ហើបពីសមត្ថភាពរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung គឺ នឹងមានបំពាក់អេក្រង់ទំហំ ៥,៦៦អ៊ីញ និង Resolution 2560×1440 ព្រមទាំងមាន RAM ទំហំ 4GB ធំជាងមុន។ ជាមួយគ្នានេះ វាក៏មានបំពាក់កាមេរ៉ាក្រោយ ១៦មេហ្គាភិកស្សែល និង កាមេរ៉ាមុខ ៥មេហ្គាភិកស្សែល ចំណែកឯអង្គចងចាំ (Memory) វិញគឺមិនអាចធ្វើការបន្ថែមបានដដែល។
ទោះជាយ៉ាងណាក៏ដោយ គេនៅមិនអាចសន្និដ្ឋានបានទេថា នេះគឺជារូបរាងពិតប្រាកដរបស់ Galaxy Note 5 និង S6 Edge Plus ឬយ៉ាងណានោះ។ ដូចនេះមានតែចាំតាមដានទាំងអស់គ្នាពីការប្រកាសរបស់ Samsung ដែលនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ៕