Cristiano Ronaldo ត្រូវបានគេរាយការណ៍ពីប្រទេសព័រទុយហ្គាល់មកថាបានទិញកោះមួយនៅ ប្រទេសក្រិក ដើម្បីធ្វើជាកាដូក្នុងថ្ងៃរៀបការរបស់ភ្នាក់ងារ Jorge Mendes ដែលតែងតែជួយខ្លួនឲ្យជោគជ័យមកដល់បច្ចុប្បន្ន។
លោក Jorge Mendes ជាភ្នាក់ងារក្នុងទីផ្សារដោះដូរកីឡាករដ៏ល្បីឈ្មោះម្នាក់ក្នុង ពិភពបាល់ទាត់។ បុរសរូបនេះហើយដែលបានជួយឱ្យ Ronaldo មានភាពល្បីល្បាញដូចសព្វថ្ងៃ ពោលគឺរូបគេជាអ្នកស្វែងរកទីផ្សារ និងជួយឱ្យ CR7 បានទៅលេងនៅ Real Madrid និងមានតម្លៃខ្លួនខ្ពស់។ ដោយសារតែបែបនេះហើយ ទើបថ្ងៃរៀបការរបស់ Mendes ម្ចាស់ពានរង្វាន់ Ballon d’Or ៣សម័យ បានទៅចូលរួមផ្ទាល់ ហើយថែមទាំងទិញកោះមួយនៅប្រទេសក្រិកទុកជាកាដូទៀតផង។
ប្រភពចេញពីកាសែត Move Noticias របស់ប្រទេសព័រទុយហ្គាល់បានសរសេរថា ដោយសារតែវិបត្តិសេដ្ឋកិច្ចបានធ្វើឱ្យប្រទេសក្រិកប្រកាសលក់កោះជា ច្រើន។ ភ្លាមនោះ Ronaldo បានសម្រេចចិត្តដេញថ្លៃទិញកោះមួយក្នុងចំណោមកោះជាច្រើននោះ ដើម្បីទុកជាកាដូជូនដល់លោក Mendes ។ ចំពោះតម្លៃនៃកោះទាំងនោះគឺអាចចន្លោះពី ៣លានអឺរ៉ូដល់ ៥០លានអឺរ៉ូ។
យ៉ាងណាក្ដី គេមិនដឹងទេថាកោះដែលអតីតកីឡាករ Manchester United រូបនេះ ទិញយក មានតម្លៃប៉ុន្មាននៅឡើយទេ ដោយគ្រាន់តែដឹងថាបានចុះកុងត្រាទិញរួចជាស្រេចហើយ៕