Brooklyn កូនប្រុសច្បងរបស់ David Beckham អាចនឹងបោះបង់ចោលអាជីពជាកីឡាករបាល់ទាត់ បន្ទាប់ពីបានចុះកុងត្រាជាមួយភ្នាក់ងារម្នាក់ដែលជំនាញខាងបង្ហាញ ម៉ូដ និងសម្ដែង ដែលអាចជួយខ្លួនឈានជើងចូល Hollywood បាន។
Brooklyn កាលពីរដូវកាលមុនបានចូលលេងក្នុងឈុតយុវជនរបស់ក្រុម Arsenal ប៉ុន្តែបានមួយរយៈក្រោយមកត្រូវចាកចេញវិញ ហើយមានលេចឮដំណឹងថាអាចនឹងទៅលេងនៅ Manchester United វិញម្ដងសម្រាប់រដូវកាលថ្មីនេះ។ យ៉ាងណាមិញ ពេលនេះក្មេងប្រុសរូបសង្ហាខាងលើបានចុះកុងត្រាជាមួយភ្នាក់ងារ ដើរម៉ូដហើយ ដែលសបញ្ជាក់ថារូបគេអាចនឹងបោះបង់អាជីពបាល់ទាត់ចោល ងាកមករកអាជីពថ្មីខាងការសម្ដែងវិញ។
ប្រភពកៀកកិតនឹងកូនប្រុសរបស់ Beckham បានប្រាប់ទៅ Mirror ថា៖ “គាត់មានទេពកោសល្យច្រើនខាងសម្ដែង។ រូបថតរបស់គាត់មើលទៅទាក់ទាញណាស់ហើយសង្ហារមិនចាញ់តារា បច្ចុប្បន្ននេះទេ។ ដោយសារតែដូច្នេះ គាត់គួរតែទៅរកការងារលុយធំវិញ។ ពេលនេះគាត់បានឈានជើងចូល Hollywood បន្តិចម្ដងៗហើយ”។
ក្មេងប្រុសវ័យ១៦ឆ្នាំខាងលើ តាំងពីតូចមកធ្លាប់ចូលដើរម៉ូដជាច្រើនដងមកហើយ ព្រោះថាម្ដាយរបស់គេក៏ជាអ្នករចនាម៉ូដល្បីឈ្មោះម្នាក់ដែរ។ ចំពោះក្ដីស្រមៃរបស់ Brooklyn ទៅថ្ងៃអនាគត គឺចង់ក្លាយជាកីឡាករបាល់ទាត់ ឬ តារាម៉ូដែល និងតារា Hollywood ៕