បិសាច ក្រហម Manchester United អាចនឹងចំណាយដល់ទៅ២៤០លានផោន (ជាង៣៧៨លានដុល្លារអាមេរិក) ទើបអាចទិញយកខ្សែប្រយុទ្ធ Neymar ពីក្រុម Barcelona បាន។ នេះបើតាម The Sun បានចុះផ្សាយ។
រយៈពេលប៉ុន្មានថ្ងៃមកនេះ រឿង Man Utd ចង់បានកីឡាករ Neymar កាន់តែក្ដៅគគុកមែនទែនហើយ ដោយមានវិបសាយធំៗជាច្រើនបានចុះផ្សាយថាវាអាចនឹងកើតមានបាន។ តួយ៉ាងដូច The Guardian បានសរសេរកាលពីម្សិលមិញនេះថា លោក Ed Woodward ប្រធានក្លិបបិសាចក្រហម កំពុងតែស្នាក់នៅប្រទេសអេស្ប៉ាញ ដើម្បីបញ្ចុះបញ្ចូលទិញយកប្រធានក្រុមជម្រើសជាតិប្រេស៊ីល ទៅលេងនៅ Old Trafford ឱ្យបានមុនថ្ងៃបិទទីផ្សារដោះដូរកីឡាករខាងមុខ។
ចំណែកឯ The Sun វិញ ក៏បានចុះផ្សាយដែរថាបិសាចក្រហមនឹងចំណាយប្រាក់កប់ក្ដោង ២៤០លានផោន ប្រសិនបើចង់បានកីឡាករវ័យ២៣ឆ្នាំខាងលើ។ ដោយសំអាងលើហេតុផលថា ត្រូវចំណាយ១៤០លានផោនទៅលើ ការរៀបចំឯកសារផ្ទេរតាមផ្លូវច្បាប់ (Barcelona នៅមានរឿងក្ដីតម្លៃខ្លួនរបស់ Neymar នៅឡើយ ដូច្នេះប្រសិនបើផ្ទេរទៅក្លិបផ្សេងត្រូវលំបាកច្រើន) និង៧៥លានផោនទៀត ដើម្បីផ្ដាច់កុងត្រា៥ឆ្នាំជាមួយអ្នកមានបុណ្យ ហើយថែម១៥លានផោនទៀតចំពោះប្រាក់បៀវត្ស។
កីឡាករស៊ុតឱ្យក្រុមជម្រើសជាតិប្រេស៊ីលបានជាង៤០គ្រាប់ខាងលើ មិនដែលមានបញ្ហាអ្វីជាមួយក្រុម Barcelona នោះទេ តែបានព្រលយពាក្យសម្ដីកាលពីសប្ដាហ៍មុនថារូបគេអាចចាកចេញ ទៅលេងជាមួយក្រុម Man Utd ប្រសិនបើក្លិបនេះផ្ដល់លក្ខខ័ណ្ឌសមស្រប។
សូមតាមដានទាំងអស់គ្នា ថាតើវាសនារបស់បុរសកូន១ខាងលើ នឹងទៅជាយ៉ាងណា? ទៅលេងនៅ Man Utd ឬបន្តលេងនៅ Barca ដដែល?