ក្រុមហ៊ុន Rolls-Royce បានបង្ហាញនូវរថយន្តស៊េរីថ្មីរបស់ខ្លួន ដោយអះអាងថាមានបំពាក់ប្រព័ន្ធសំឡេងស្តេរ៉េអូពិសេសជាងគេក្នុង ចំណោមរថយន្តដែលខ្លួនបានផលិតពីមុនមក។
រថយន្តស៊េរីថ្មីនោះមាន ឈ្មោះថា Rolls-Royce Wraith។ តាមរយៈឈ្មោះរបស់រថយន្ត គេអាចសន្និដ្ឋានបានថា រថយន្តនេះពិតជាមានអ្វីពិសេសម្យ៉ាងពាក់ព័ន្ធជាមួយនឹងប្រព័ន្ធ សំឡេងរបស់វា។ ពិតណាស់រថយន្តនេះមានបំពាក់មកជាមួយនូវប្រព័ន្ធសំឡេងស្តេរ៉េអូ ម៉ាក Bespoke Audio ចំនួន ១៨ ប្រើថាមពល១៣០០វ៉ាត់ រួមជាមួយនឹងមីក្រូហ្វូនមួយដែលអាចពិនិត្យមើលសំឡេងរំខានពីខាង ក្រៅ និងជួយខ្ទប់សំឡេងនោះកុំឲ្យលឺ។ ប្រព័ន្ធស្តេរ៉េអូចំនួន១៨ មានរួមបញ្ចូលដោយឧបករណ៍បំពងសំឡេងដែលមានកម្លាំងខ្លាំងចំនួនពីរ ឧបករណ៍បំពងសំឡេងខ្នាតធំចំនួនប្រាំពីរ និងឧបករណ៍បំពងសំឡេងខ្នាតមធ្យមចំនួនប្រាំពីរផងដែរ។
ចំណែកមីក្រូហ្វូនវិញអាចត្រួតពិនិត្យនូវសំឡេងរំខានដែលនៅខាង ក្រៅ បន្ទាប់មកនឹងកែសម្រួលសំឡេងក្នុងរថយន្តដោយស្វ័យប្រវត្តិ ដើម្បីធ្វើយ៉ាងណាកុំឲ្យមានការរំខានដល់ការស្ដាប់ចម្រៀងរបស់ អ្នកជិះ។ ក្រៅពីនេះវាក៏មានបំពាក់នូវមុខងារពិសេសៗមួយចំនួនទៀតផងដែរ ដូចជាប្រព័ន្ធ GPS អេក្រង់បង្ហាញទិន្នន័យពិសេសជាងមុន ការបញ្ជាដោយសំឡេង និងមុខងារពិសេសដទៃទៀត។ Rolls-Royce Wraith ស៊េរីថ្មីនេះក៏មានមកជាមួយនូវម៉ាស៊ីនប្រភេទ V12 កម្លាំង ៦២៤សេះ ទំហំ ៦,៦លីត្រ អាចបង្កើនល្បឿនពី ០ដល់៩៦គម/ម៉ ក្នុងរយៈពេល ៤,៤វិនាទី និងមានទម្ងន់ ២៤៥០គីឡូក្រាម។
ចំពោះរថយន្តនេះផងដែរត្រូវបានឲ្យដឹងថានឹងមានតម្លៃប្រមាណ៤០០ ០០០ដុល្លារ តម្លៃទីផ្សារបរទេស៕