ខ្សែ ភាពយន្ត “Mission: Impossible – Rogue Nation” បានក្លាយជាភាពយន្តលេខមួយលើតារាង Box Office អាមេរិកសប្ដាហ៍នេះ ក្រោយរកចំណូលបាន ៥៦លានដុល្លារ ក្នុងរយៈពេល៣ថ្ងៃដំបូង នៅប្រទេសកាណាដា និងអាមេរិកខាងជើង។
“Mission: Impossible – Rogue Nation” គឺជាប្រភេទខ្សែភាពយន្តបាញ់ប្រហារ ដែលសម្ដែងដោយតារាល្បី Tom Cruise និងដឹកនាំដោយលោក Christopher McQuarrie ដែលភាពយន្តនេះបានចេញ៤វគ្គរួចមកហើយ តាំងពីឆ្នាំ១៩៩៦មក។ ចំណាយដើមទុនអស់ ១៥០លានដុល្លារ “Mission Impossible” វគ្គទី៥ អាចរកចំណូលបាន ១២១លានដុល្លារហើយ នៅសប្ដាហ៍ទីមួយនេះបើគិតទាំងចំណូលពីប្រទេសផ្សេងៗជុំវិញ ពិភពលោក។
ចំណាត់ថ្នាក់លេខពីរសប្ដាហ៍នេះ គឺភាពយន្តបែបកំប្លែង “Vacation” ដែលទើបចាក់បញ្ចាំងក្នុងសប្ដាហ៍ទីមួយដូចគ្នា។ ៥ថ្ងៃដំបូង ភាពយន្តដែលសម្ដែងដោយតារាល្បី Chris Hemsworth អាចរកចំណូលបាន ២១លានដុល្លារ (១៤,៨លានដុល្លារសម្រាប់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ) ដែលជាចំណូលដ៏តិចតួច ខុសពីការរំពឹងទុករបស់ផលិតកម្ម Warner Bros.។
ចំណាត់ថ្នាក់លេខ៣គឺខ្សែភាពយន្តបុរសស្រមោច “Ant-Man” ដែលបានជាប់លេខមួយផ្ទួនគ្នាកាលពីពីរសប្ដាហ៍មុន។ នៅសប្ដាហ៍ទី៣នេះខ្សែភាពយន្តថ្មីរបស់ Marvel Studios អាចរកចំណូលបាន ១២,៦លានដុល្លារនៅអាមេរិក។ តែបើគិតពីចំណូលសរុបទូទាំងពិភពលោកវិញ “Ant Man” អាចរកបាន ២៩១លានដុល្លារហើយមកដល់ពេលនេះ។
ខាងក្រោមនេះគឺជាចំណាត់ថ្នាក់កំពូលទាំង ១០លើតារាងចំណូលភាពយន្ត Box Office នៅអាមេរិកសប្ដាហ៍នេះ៖
ល.រ | ចំណងជើងភាពយន្ត | ផលិតកម្ម | ចំណូលចុងសប្ដាហ៍ | ចំណូលសរុប | សប្ដាហ៍ទី |
១ | Mission:Impossible 5 | Par. | ៥៦លានដុល្លារ | ៥៦លានដុល្លារ | ១ |
២ | Vacation | WB (NL) | ១៤,៨លានដុល្លារ | ២១,១លានដុល្លារ | ១ |
៣ | Ant-Man | BV | ១២,៦លានដុល្លារ | ១៣២លានដុល្លារ | ៣ |
៤ | Minions | Uni. | ១២,២លានដុល្លារ | ២៨៧លានដុល្លារ | ៤ |
៥ | Pixels | Sony | ១០,៤លានដុល្លារ | ៤៥,៦លានដុល្លារ | ២ |
៦ | Trainwreck | Uni. | ៩,៧លានដុល្លារ | ៧៩,៧លានដុល្លារ | ៣ |
៧ | Southpaw | Wein. | ៧,៥លានដុល្លារ | ៣១,៥លានដុល្លារ | ២ |
៨ | Paper Towns | Fox | ៤,៦លានដុល្លារ | ២៣,៨នលានដុល្លារ | ២ |
៩ | Inside Out | BV | ៤,៥លានដុល្លារ | ៣២៩លានដុល្លារ | ៧ |
១០ | Jurassic World | Uni. | ៣,៨លានដុល្លារ | ៦៣១លានដុល្លារ | ៨ |