Thierry Henry វីរបុរសក្រុម Arsenal ជឿថាបើកាំភ្លើងអាចទិញបាន Karim Benzema របស់ក្លិប Real Madrid នៅរដូវក្ដៅនេះ នោះពួកគេនឹងអាចឈ្នះពាន English Premier League និងលើកពានកំពូលអឺរ៉ុប UEFA Champions League ថែមទៀត សម្រាប់រដូវកាលថ្មីនេះ។
Thierry Henry វីរបុរសក្រុម Arsenal
Goal ជឿថាលោក Arsene Wenger អ្នកចាត់ការក្រុម Arsenal នឹងទិញយកខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះ ក្នុងពេលឆាប់ៗ ទោះជា Real បានបដិសេធថាមិនទាន់ចង់លក់ចេញក៏ដោយ ហើយពួកគេជឿថាកាំភ្លើងធំ កំពុងតែត្រៀមដេញថ្លៃនៅថ្ងៃចុងក្រោយ មុនពេលទីផ្សារដោះដូរកីឡាករបិទ។
Henry យល់ថាក្រុមរបស់លោក Wenger ល្អណាស់ហើយ ប៉ុន្តែគ្រាន់តែខ្វះខ្សែប្រយុទ្ធឆ្នើមម្នាក់ទៀត ឲ្យចាប់ដៃគូជាមួយ Olivier Giroud នៅតំបន់ប្រយុទ្ធ ហើយបើពួកគេអាចទិញបាន Benzema នោះនឹងអាចលើកពានក្នុងលីក និងឈ្នះពានកំពូលអឺរ៉ុបថែមទៀតផង។
ខ្សែប្រយុទ្ធ Karim Benzema របស់ក្លិប Real Madrid
អតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ បានប្រាប់ដល់ TalkSPORT ថា៖ “ខ្ញុំហ៊ាននិយាយថា ឆ្នាំនេះជាឆ្នាំរបស់ពួកគេ ប៉ុន្តែនៅមានចំណុចតូចមួយត្រូវបំពេញបន្ថែម។ ខ្ញុំគិតថាពួកគេអាចប្រជែងយកពានរដូវកាលនេះ បើពុំមានកីឡាកររបួស។ ដាក់ Giroud ជាខ្សែប្រយុទ្ធតែម្នាក់ឯង អ្នកមិនអាចឈ្នះពានឡើយ។ ខ្ញុំយល់ថាគាត់ធ្វើបានល្អ ប៉ុន្តែបើក្លិបអាចទិញបាន Benzema នោះ ពួកគេពិតជាអាចលើកពាន Premier League និងឈ្នះពាន UEFA Champions League ផងដែរ”។
Benzema គឺជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុមយក្សអេស្ប៉ាញស្ដេចស ដោយរដូវកាលមុន កីឡាករវ័យ២៧ឆ្នាំ ស៊ុតឲ្យ Real បាន២២គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប៤៦ប្រកួត៕