Thierry Henry អតីតតារាឆ្នើមក្រុមជម្រើសជាតិបារាំង បានលើកឡើងថា Pedro ដែលជាអតីតមិត្តរួមក្រុម Barcelona របស់លោក នឹងអាចលេងត្រូវទម្រង់របស់អ្នកចាត់ការ Louis van Gaal និងល្អជាងកីឡាករអាហ្សង់ទីន Angel Di Maria សម្រាប់ក្រុម Manchester United។
ខ្សែបម្រើស្លាប Pedro នឹងផ្ទេរទៅកាន់ Old Trafford បន្ទាប់ពី Man Utd បានព្រមព្រៀងតម្លៃគ្នាជាមួយ Barca ២២,៣លានផោន (ជាង៣៤,៥លានដុល្លារ) ចុងសប្ដាហ៍មុន ប៉ុន្តែក្រុមអ្នកមានបុណ្យ សុំឲ្យនៅបន្តរហូតដល់ពួកគេប្រកួត Uefa Super Cup នៅថ្ងៃអង្គារសប្ដាហ៍នេះចប់សិន។
កីឡាករវ័យ២៨ឆ្នាំ (Pedro) នឹងទៅជំនួសតំណែង Di Maria ដែលបានចាកចេញទៅ Paris Saint-Germain បន្ទាប់ពីធ្លាក់ទម្រង់លេងខ្លាំងរដូវកាលមុន ហើយ Henry ជឿថាបិសាចក្រហម នឹងខ្លាំងជាងមុន ពេល Pedro ចូលមកជំនួស។
អតីតវីរបុរសក្រុម Arsenal បានប្រាប់ដល់ The Sun ថា៖ “Man Utd នឹងទទួលបានកីឡាករឥតខ្ចោះម្នាក់ បើពួកគេអាចទិញបាន Pedro ផ្លូវការ។ គាត់ជាមិត្តរួមក្រុមដ៏ល្អឥតខ្ចោះសម្រាប់ខ្ញុំ កាលនៅ Barcelona ព្រោះគាត់យល់ច្បាស់ពីតំណែងបម្រើស្លាប។ Di Maria លេងគឺពឹងផ្អែកលើការរត់ល្បឿនលឿននៅខាងឆ្វេង ឬស្ដាំ ហើយគាត់មិនត្រូវក្បួនរបស់លោក Van Gaal ទេ។ រីឯ Pedro នឹងល្អជាង ព្រោះគាត់មិនត្រឹមតែជួយឲ្យ Barca ជោគជ័យខ្លាំងទេ ហើយក៏ជាកីឡាករសំខាន់ ដែលជួយគាំទ្រដល់ Lionel Messi, Neymar និង Luis Suarez រដូវកាលមុនផងដែរ”។
ខ្សែបម្រើប្រយុទ្ធអេស្ប៉ាញ ដែលចូលលេងឲ្យឈុតយុវជន Barcelona តាំងពីឆ្នាំ២០០៤ និងចូលឈុតធំនៅឆ្នាំ២០០៨ រូបនេះ បានបង្ហាញខ្លួនឲ្យ Barca ២០៤ប្រកួត និងស៊ុតបញ្ចូលទីបាន៥៨គ្រាប់៕