រដូវ កាលថ្មី Premier League នឹងចាប់ផ្ដើមនៅចុងសប្ដាហ៍នេះហើយ ខណៈដែលអ្នកលេង Fantasy Premier League ក៏កំពុងតែមមាញឹកខ្លាំងដែរ ក្នុងការសម្រេចចិត្តជ្រើសរើសកីឡាករ ថាកីឡាកររូបនេះ ជាកីឡាករល្អបំផុត ដើម្បីទិញយកមកចូលរួមក្រុមខ្លួន។ រីឯខ្សែប្រយុទ្ធ ក៏មានកីឡាករខ្លាំងៗច្រើនដែរ ប៉ុន្តែបើប្រិយមិត្តពិបាកក្នុងការសម្រេចចិត្ត សូមមើលកំពូលខ្សែប្រយុទ្ធទាំង៥ដូចខាងក្រោម៖
៥. Aleksandar Mitrovic – Newcastle United
ខ្សែប្រយុទ្ធចំណូលថ្មី ក្រុម Newcastle United វ័យ២០ឆ្នាំរូបនេះ នៅក្នុង Fantasy តម្លៃត្រឹមតែ ៦,៥លានផោនប៉ុណ្ណោះ ប៉ុន្តែកីឡាករជម្រើសជាតិសែបរូបនេះ ពិតជាមិនធម្មតាឡើយ ដោយធ្លាប់ស៊ុតចូល Arsenal ជួយឲ្យ Anderlecht តាមស្មើ ៣-៣ នៅ Champions League រដូវកាលមុនផងដែរ និងជា Top Scorer នៅលីកកំពូលបែលហ្សិករដូវកាលមុនទៀតផង បន្ទាប់ពីស៊ុតចូលទីសរុបបាន២០គ្រាប់។
៤. Harry Kane – Tottenham Hotspur
ខ្សែប្រយុទ្ធវ័យ២២ឆ្នាំរបស់ Spurs រូបនេះ ពិតជាមិនធម្មតាឡើយ ដោយរដូវកាលដំបូងលេងនៅឈុតធំរបស់ក្រុមមាន់ខ្នាយមាសរដូវកាលមុន គេស៊ុតបាន២១គ្រាប់នៅ Premier League។ ជាពិសេសគឺបានស៊ុតចូលក្រុមគូប្រជែងធំនៅទីក្រុងឡុងដុង Chelsea និង Arsenal ផងដែរ។ Harry Kane មានតម្លៃ ថ្លៃបន្តិច ៩,៥លានផោនក្នុង Fantasy។
៣. Wayne Rooney – Manchester United
ដោយសារតែ Robin van Persie និង Radamel Falcao បានចាកចេញពី Old Trafford ហើយស្របពេលដែលខ្សែបម្រើល្អៗដូចជា Bastian Schweinsteiger និង Morgan Schneiderlin មករួមក្រុមបិសាចក្រហមទៀតនោះ ធ្វើឲ្យគេជឿថា Rooney នឹងអាចរកគ្រាប់ចូលទីបានច្រើនរដូវកាលថ្មីនេះ។ តម្លៃប្រធានក្រុមបិសាចក្រហមរូបនេះគឺ១០,៥លានផោន។
២. Diego Costa – Chelsea
កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះ ស៊ុតឲ្យ Chelsea បាន២០គ្រាប់ ក្នុងការបង្ហាញខ្លួន២៦ប្រកួតនៅ Premier League រដូវកាលដំបូងរបស់ខ្លួន ហើយកុំតែមានបញ្ហារបួស កីឡាករវ័យ២៦ឆ្នាំ អាចនឹងក្លាយជា Top Scorer ទៀតផង។ Costa មានតម្លៃ១១លានផោន។
១. Sergio Aguero – Manchester City
ខ្សែប្រយុទ្ធអាហ្សង់ទីន គឺជា Top Scorer នៅ Premier League រដូវកាលមុន ដោយស៊ុតឲ្យ Man City បាន២៦គ្រាប់ ក្នុងការបង្ហាញខ្លួន៣៣ប្រកួត។ យ៉ាងណាក្ដី បើប្រិយមិត្តចង់បានកីឡាកររូបនេះ ទៅជួយក្រុម ក៏អស់ថ្លៃក្រែលដែរ ពោលគឺតម្លៃដល់ទៅ១៣លានផោនឯណោះ៕