ចុះបើប្រិយមិត្តប្រៀបធៀបគ្នាវិញ តើគិតថាម្នាក់ណាសក្ដិសមជាស្ដេចបាល់ទាត់របស់ប្រទេសអាហ្សង់ទីន ពិតប្រាកដ? Sabay សូមបង្ហាញស្ថិតិមួយចំនួនឱ្យប្រិយមិត្តបានឃើញ៖
១. ចំនួនគ្រាប់បាល់
Maradona គិតទាំងប្រកួតឱ្យជម្រើសជាតិ និងក្លិបអាជីពគឺរកគ្រាប់បាល់បានមិនតិចជាង៣០០គ្រាប់ទេ ក្នុងការបង្ហាញខ្លួនប្រហែលជា៦០០ប្រកួត។ ខណៈដែល Messi វិញ គិតត្រឹមរដូវកាលនេះរូបគេរកគ្រាប់បាល់បានជាង៤០០គ្រាប់ទៅហើយ បើគិតទាំងជម្រើសជាតិ និងក្លិបអាជីពដូចគ្នា ហើយចូលប្រកួតប្រហែលជាជិត៦០០ប្រកួតដែរ។ ឆ្នាំដ៏អស្ចារ្យបំផុតសម្រាប់ Messi គឺនៅឆ្នាំ២០១២ ដោយរកគ្រាប់បាល់៩១គ្រាប់។ ដោយឡែកបើគិតតែក្នុងជម្រើសជាតិវិញ ខ្សែប្រយុទ្ធក្រុម Barcelona រកបាន៤៦គ្រាប់ ស្របពេលដែល Maradona រកបាន៣៤គ្រាប់។
២. ពានរង្វាន់ជូនជាតិ
Maradona បានជួយឱ្យអាហ្សង់ទីនលើកពាន FIFA World Cup បាននៅឆ្នាំ១៩៨៦ ចំណែកឯ Messi វិញមិនទាន់បានជួយក្រុមលើកពានអ្វីឡើយទេ។ កាលពីឆ្នាំ២០១៤កន្លងទៅ កីឡាករវ័យ២៨ឆ្នាំមានឱកាសជួយប្រទេសលើកពាន World Cup ដែរ ពេលលេងវគ្គផ្ដាច់ព្រ័ត្រជាមួយអាល្លឺម៉ង់ តែគួរឱ្យសោកស្ដាយឱកាសល្អបានបាត់បង់ទៅវិញ ក្រោយពីចាញ់ដោយលទ្ធផល១-០ ។
៣. អាកប្បកិរិយា
Messi មិនដែលមានបញ្ហាអ្វីទេនៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ដោយតាំងពីឈានជើងចូលលេងនៅឈុតធំមក រូបគេធ្លាប់ទទួលបានកាតក្រហមតែ១ដងគត់ ហើយមានអ្នកគាំទ្រជាច្រើនគាំទ្រម្ចាស់ពាន Ballon d’Or ៤សម័យនេះខ្លាំងណាស់។ ផ្ទុយទៅវិញ Maradona ត្បិតតែមានសមត្ថភាពខ្លាំងមែន ប៉ុន្តែមានអ្នកគាំទ្រមួយចំនួនមិនពេញចិត្តចំពោះចរិតបុរសម្នាក់ នេះទេ។ មូលហេតុដោយសារតែ អតីតឪពុកក្មេក Aguero រូបនេះតែងតែមានរឿងអាស្រូវជាច្រើននៅក្លិបអាជីព ចូលចិត្តដើរលេងយប់និងធ្លាប់ប្រើប្រាស់គ្រឿងញៀនទៀតផងពេលលេង ឱ្យ Barcelona នៅឆ្នាំ១៩៨៣។
៤. សមត្ថភាពញាក់បាល់
បច្ចុប្បន្នកីឡាករដែលពូកែញាក់បាល់ដាច់ខ្សែការពារច្រើនរជាង គេ ត្រូវបានគេដឹងថាជា Lionel Messi ទៅហើយ ព្រោះថាទាំងនៅក្រុមជម្រើសជាតិ និង Barcelona គេឃើញថាបុរសស្មោះស្នេហ៍រូបនេះ លេងបានល្អញាក់ដាច់ខ្សែការពារដោយប្រើក្បាច់ប្រឡោះជើងបានច្រើន។ ងាកទៅខាង Maradona វិញ អំឡុងពេលរូបលោកនៅលេងបាល់ក៏មិនណយដែរ ដោយធ្លាប់ប្រើក្បាច់ពិសេសជាច្រើនដាក់ខ្សែការពារដាច់ចង្កេះមិន តិចដងនោះទេ។
៥. កំណត់ត្រា
គិតត្រឹមពេលបច្ចុប្បន្ននេះ Messi កំពុងតែកាន់កាប់កំណត់ត្រាជាច្រើនដូចជា FIFA Balon d’Or ៤សម័យកាល , អ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ La Liga , អ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Champions League , អ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្លិប Barcelona និងជាអ្នក Assists ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ La Liga ផងដែរ។
ចំណែកឯ Maradona វិញ បើគិតពីការបំបែកកំណត់ត្រាធំៗវិញ ប្រហែលជាមិនអាចប្រៀបជាមួយ Messi បានទេ ប៉ុន្តែបើចំពោះជាតិវិញ រូបលោកត្រូវបានគេចាត់ទុកថាជាកីឡាករល្អម្នាក់ផងដែរ ព្រោះពានរង្វាន់ផ្ទាល់ខ្លួនដែលលោកបានភាគច្រើនចេញមកពីលេងឱ្យ ក្រុមជម្រើសជាតិ។