លោក Roman Abramovich ត្រៀមបើកភ្លើងខៀវហើយ ដើម្បីចំណាយលុយធំឲ្យអ្នកចាត់ការ Jose Mourinho ទិញចូលកីឡាករថ្មីយ៉ាងតិច៣នាក់ទៀត មុនទីផ្សារដោះដូរកីឡាករបិទ នៅ២សប្ដាហ៍ទៀត បន្ទាប់ពីតោខៀវ ចាប់ផ្ដើមរដូវកាលថ្មីមិនបានល្អ។
ក្រុមម្ចាស់ជើងឯក Chelsea រកបានតែ១ពិន្ទុគត់ សម្រាប់ការប្រកួតបើករដូវកាលថ្មី Premier League ២លើកកន្លងទៅនេះ ដោយប្រកួតដំបូងស្មើជាមួយ Swansea City ២-២ និងចាញ់គូប្រជែងធំ Manchester City ដល់ទៅ ៣-០ ទៀត កាលពីថ្ងៃអាទិត្យ ខណៈដែលលោក Mourinho សម្រេចចិត្តដូរប្រធានក្រុម John Terry ក្រោយចប់តង់ទី១ ដូច្នេះនេះជាសញ្ញាមួយប្រាប់ថា អ្នកចាត់ការ “Special One” នៅត្រូវការកីឡាករថ្មីទៀត ដើម្បីជួយក្រុមការពារតំណែងជើងឯកឲ្យបាន។
យ៉ាងណាក្ដី លោក Abramovich ដែលជាមហាសេដ្ឋីរុស្សី បានត្រៀមលុយធំរួចរាល់ហើយ ដើម្បីប្រគល់ជូនអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ ទិញកីឡាករឆ្នើមចូលបន្ថែមឲ្យទាន់ពេលវេលា មុនទីផ្សារដោះដូរកីឡាករបិទ នូវប្រហែលកន្លះខែទៀត។
៣នាក់ដែលលោក Mourinho កំពុងតែចង់បាននោះ ត្រូវបានគេដឹងថា មានខ្សែការពារ John Stones របស់ក្រុម Everton ជាគោលដៅទី១ និងធ្លាប់ដេញថ្លៃ២លើករួចហើយ ២០លានផោន និង២៦លានផោន តែត្រូវក្លិបទូកក្ដោងបដិសេធ ប៉ុន្តែតោខៀវកំពុងត្រៀមដេញថ្លៃលើកទី៣ នូវតម្លៃ៣០លានផោន។ រីឯ២នាក់ទៀត Mourinho ត្រូវការខ្សែបម្រើកណ្ដាលម្នាក់ និងខ្សែប្រយុទ្ធម្នាក់ទៀត ប៉ុន្តែពុំទាន់ដឹងគោលដៅច្បាស់លាស់នៅឡើយ៕