ការ ប្រកួតធំរវាងក្រុមកាំភ្លើងធំ Arsenal និងហង្សក្រហម Liverpool នៅកីឡដ្ឋាន Emirates យប់មិញនេះ គឺជាការប្រកួតដ៏ជក់ចិត្តក្ដៅគគុក ដោយស៊ុតគ្នាដល់ទៅ៣៤ជើង (Arsenal ចំគោលដៅ៥, Liverpool ចំគោលដៅ៨) ប៉ុន្តែបញ្ចប់ទៅដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា ០-០ ទាំងមិនគួរឲ្យជឿ។
ក្រុមយក្សរបស់អង់គ្លេស២នេះ គឺធ្វើបានល្អម្នាក់១តង់ ពោលគឺ Liverpool មានឱកាសជាច្រើនគ្រាប់ជាងនៅតង់ទី១ ដោយខ្សែប្រយុទ្ធ Christian Benteke និងខ្សែបម្រើ Philippe Coutinho ស៊ុតបុករបារទីផងដែរ។
ប៉ុន្តែចូលដល់តង់ទី២ ម្ចាស់ផ្ទះ Arsenal បានព្យាយាមដាក់សម្ពាធវិញ ខណៈដែល Alexis Sanchez និងខ្សែប្រយុទ្ធ Olivier Giroud ធ្វើឲ្យបាត់បង់ឱកាសល្អៗជាច្រើនគ្រាប់ដូចគ្នា។ រីឯអ្នកចាំទី Petr Cech បានជាប់ជា Man of the match ក្នុងប្រកួតនេះ ដោយសារជួយសង្គ្រោះបាល់អស្ចារ្យជាច្រើនគ្រាប់ ពីការស៊ុតរបស់កីឡាករ Liverpool។
លទ្ធផលនេះ មានន័យថា Liverpool នៅមិនទាន់ចាញ់ទេ សម្រាប់៣ប្រកួតរដូវកាលថ្មីនេះ និងបិទ Clean Sheet ទាំង៣ប្រកួតផងដែរ ដោយមាន៧ពិន្ទុឈរនៅលេខ៣ ខណៈដែល Arsenal មាន៤ពិន្ទុ ស្ថិតនៅលេខ៩ ក្នុងតារាង Premier League៕