កំពូល អ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather បានប្រកាសថា នឹងឡើងវ៉ៃទល់នឹង Andre Berto នាថ្ងៃទី១២ ខែកញ្ញាខាងមុខនេះ ហើយក៏អាចជាប្រកួតលើកចុងក្រោយរបស់ខ្លួន មុននឹងចូលនិវត្តន៍ពីអាជីពជាអ្នកប្រដាល់។
ដៃគូរបស់ Floyd កីឡាករ Berto ជាកូនកាត់ហៃទី-អាមេរិក ហើយអ្នកប្រដាល់វ័យ៣១ឆ្នាំរូបនេះ ក៏មិនធម្មតាដែរ ពោលគឺធ្លាប់វ៉ៃបាន៣៣ដង ឈ្នះ៣០ ចាញ់តែ៣ប៉ុណ្ណោះ និងផ្ដួលដៃគូឲ្យសន្លប់ចំនួន២៣ដងផងដែរ។
ការប្រកួតលើកនេះ មានន័យថាគឺជាការប្រកួតលើកចុងក្រោយហើយ សម្រាប់អ្នកប្រដាល់មិនដែលចាញ់ និងមិនដែលស្មើ Floyd ដោយកីឡាករវ័យ៣៨ឆ្នាំ ធ្លាប់បានលើកឡើង កាលពីប្រកួតឈ្នះ Manny Pacquiao តាំងពីខែឧសភា។
Floyd បាននិយាយថា៖ “ប្រកួតចុងក្រោយរបស់ខ្ញុំគឺនៅខែកញ្ញា បន្ទាប់មកជាពេលដែលខ្ញុំត្រូវចូលនិវត្តន៍។ អ្នកដឹងហើយថា ខ្ញុំមានវ័យជិត៤០ឆ្នាំហើយបច្ចុប្បន្ននេះ។ ខ្ញុំបានប្រកបអាជីពក្នុងវិស័យកីឡានេះអស់ពេល១៩ឆ្នាំមកហើយ ហើយខ្ញុំក៏ធ្លាប់ជាម្ចាស់ខ្សែក្រវាត់ពិភពលោក១៨ឆ្នាំដែរ។ ខ្ញុំសូមអរគុណគ្រប់បែបយ៉ាង”។
កំពូលអ្នកប្រដាល់អាមេរិក (Floyd) នឹងឡើងវ៉ៃលើកទី៤៩ របស់ខ្លួនទល់នឹង Berto នៅសង្វៀន MGM Grand ក្នុងទីក្រុង Las Vegas នាថ្ងៃទី១២ ខែកញ្ញា ហើយបើទទួលបានជ័យជម្នះនេះទៀត មានន័យថា Floyd គឺជាអ្នកប្រដាល់ ដែលមានកំណត់ត្រាឈ្នះ១០០% ពោលគឺវ័យ៤៩ ឈ្នះទាំង៤៩ដង៕