ក្លិប ជើងឯកអឺរ៉ុប FC Barcelona ត្រៀមដំឡើងថ្លៃឈ្នួលឲ្យ Neymar ស្មើទៅនឹងថ្លៃឈ្នួល Lionel Messi ដែលជាតម្លៃមួយខ្ពស់ដាច់គេ របស់ក្លិបអ្នកមានបុណ្យ ដោយសារតែបារម្ភខ្លាច កីឡាករជម្រើសជាតិប្រេស៊ីល អាចចាកចេញទៅក្លិបបិសាចក្រហម Manchester United។
ប្រភពពីសារព័ត៌មានផ្លូវការរបស់អង់គ្លេសមួយ បានឲ្យដឹងថា Barca នឹងពង្រីកកិច្ចសន្យា៥ឆ្នាំទៀត សម្រាប់ប្រធានក្រុមជម្រើសជាតិប្រេស៊ីល Neymar ឲ្យនៅកីឡដ្ឋាន Camp Nou ជាបន្ត និងដំឡើងថ្លៃឈ្នួល ស្មើនឹង Super Star របស់ក្រុម (Messi) ដែលកុងត្រាថ្មីនេះមានន័យថា តម្លៃទិញផ្ដាច់កុងត្រារបស់គេ មានតម្លៃដល់ទៅ២៥០លានអឺរ៉ូ (ជាង២៨៣,៥លានដុល្លារ)។
ការដំឡើងថ្លៃឈ្នួល Neymar ឲ្យស្មើនឹង Messi នេះ គឺត្រូវបានគេយល់ថា ដោយសារតែ Barca បារម្ភខ្លាចក្លិបបិសាចក្រហម Man Utd តាមលួងលោមយកកីឡាករឆ្នើមវ័យ២៣ឆ្នាំរបស់ខ្លួនទៅកាន់កីឡដ្ឋាន Old Trafford បន្ទាប់ពីក្លិបយក្សអង់គ្លេសមួយនេះ ចាប់អារម្មណ៍ចង់បានខ្លាំងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។
កុងត្រា Neymar នៅ Barca បច្ចុប្បន្នដែលនឹងបញ្ចប់នៅឆ្នាំ២០១៨ រូបគេទទួលបានថ្លៃឈ្នួល៦,៤លានផោន ក្នុង១ឆ្នាំ ខណៈដែល Messi ទទួលបាន១៤,៦លានផោន។ រីឯ Luis Suarez ទទួលបាន៧,៣លានផោន ក្នុង១ឆ្នាំ។ ប៉ុន្តែសម្រាប់កុងត្រាថ្មីថែម៥ឆ្នាំទៀតរហូតដល់ឆ្នាំ២០២១នេះ តារាឆ្នើមប្រេស៊ីល នឹងទទួលបានថ្លៃឈ្នួល ស្មើនឹងប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន (Messi)៕