ក្រុមហ៊ុន Rolls-Royce បានបង្ហាញនូវរថយន្តម៉ូដែល Phantom ថ្មីមួយផ្សេងទៀត ដែលមានការរចនារូបរាងខាងក្រៅយ៉ាងស្រស់ស្អាត។
រថយន្ត Rolls-Royce Phantom ដែលក្រុមហ៊ុនបានបង្ហាញនេះគឺជាម៉ូដែល Christened Nautica ដែលគំនិតនៃការរចនារូបរាងរបស់វាចេញមកពីនាវាកម្សាន្ត។ រថយន្តស៊េរីនេះមានបំពាក់ពណ៌ទាក់ភ្នែកចំនួនពីរ គឺពណ៌ស និង ពណ៌ទឹកសមុទ្រ។
តាមរយៈរូបភាពគេឃើញថា ពណ៌ទឹកសមុទ្រគឺស្ថិតនៅពាក់កណ្ដាលផ្នែកខាងលើនៃរថយន្ត និងនៅជុំវិញស្លាកសញ្ញា Rolls-Royce ដែលស្ថិតនៅកណ្ដាលថាសកង់។ ចំណែកពាក់កណ្ដាលនៃតួរថយន្តចុះក្រោមគឺមានពណ៌ស និងមានស្នាមឆូតពណ៌ខៀវចំនួនពីរខ្សែ ព្រមទាំងមានឆ្លាក់សញ្ញាយុថ្កាថែមទៀតផង។ ចំណែកឯការរចនាផ្នែកខាងក្នុងនៃរថយន្តម៉ូដែលនេះមានការផ្លាស់ ប្ដូរបន្តិចបន្តួច ដើម្បីឲ្យមានអារម្មណ៍ដូចជានាវាកម្សាន្តលើសមុទ្រ។
ចំពោះគ្រឿងម៉ាស៊ីនរបស់រថយន្ត Christened Nautica នេះមិនខុសគ្នាពីម៉ូដែលមុននោះទេ គឺមានម៉ាស៊ីនប្រភេទ V12 ទំហំ ៦,៧៥លីត្រ កម្លាំង ៤៥៣សេះ ដែលអាចបង្កើនសន្ទុះល្បឿនពី០-៩៦គ.ម/ម៉ ក្នុងរយៈពេលតិចជាង៦វិនាទី។
គួរបញ្ជាក់ថា រថយន្តស៊េរីនេះផលិតតែមួយគ្រឿងប៉ុណ្ណោះ ហើយសម្រាប់តម្លៃនៃរថយន្តវិញក្រុមហ៊ុនមិនបានបញ្ជាក់ឲ្យដឹងនោះ ទេ៕