Malware ថ្មីមូយត្រូវបានគេរកឃើញថា បានបង្កប់ខ្លួននៅក្នុងទូរសព្ទ Android ជាច្រើនម៉ឺនគ្រឿង ដើម្បីលួចយករូបថត និងអាចបញ្ជាមុខងារជាច្រើនផ្សេងទៀត នៅពេលទូរសព្ទបិទ។ នេះបើតាមក្រុមហ៊ុនផលិត Software កម្ចាត់មេរោគ AVG។
ក្រុមហ៊ន AVG បានឱ្យដឹងថា Malware ថ្មីដែលខ្លួនទើបរកឃើញនេះឈ្មោះ Android/PowerOffHijack.A ដែលអាចលួចយកទិន្នន័យចាំបាច់ណាមួយក្នុងទូរសព្ទ ផ្ទេរសារទៅកាន់ភាគីទីបី ធ្វើការហៅ (Call) ហើយថែមទាំងអាចបញ្ជាមុខងារកាមេរ៉ា ដើម្បីថតសកម្មភាព ឬរូបភាពផ្សេងៗរបស់ម្ចាស់ទូរសព្ទបានទៀតផង បើទោះបីជាទូរសព្ទបានបិទក៏ដោយ។
Malware មួយនេះបានបំភាន់ភ្នែកឱ្យម្ចាស់ទូរសព្ទគិតថា ទូរសព្ទរបស់ពួកគេពិតជាបានបិទ តែតាមពិតទូរសព្ទនៅតែដំណើរការដដែល។ នៅពេលដែលអ្នកប្រើប្រាស់ចង់បិទទូរសព្ទ វានឹងបញ្ចេញផ្ទាំង Shutdown សិប្បនិមិត្តមួយ ដើម្បីចុចបិទ ដូច្នេះហើយទើបទូរសព្ទនៅដំណើរការដដែល ទោះបីជាទូរសព្ទងងឹតចុចលែងកើតក៏ដោយ។
Malware មួយនេះអាចវាយប្រហារទូរសព្ទ Android Version ក្រោម 5.0 និងទូរសព្ទ Android ដែលបាន Root។ យ៉ាងហោចណាស់មានទូរសព្ទចំនួន ១ម៉ឺនគ្រឿង ដែលបានរងគ្រោះដោយសារ Malware ឈ្មោះ Android/PowerOffHijack.A នេះ ហើយក្នុងនោះទូរសព្ទ Android នៅប្រទេសចិនរងគ្រោះច្រើនជាងគេ។ នេះបើតាមការបញ្ជាក់របស់ AVG។
ចំពោះកម្មវិធីកម្ចាត់មេរោគថ្មីៗ អាចចាប់ Malware នេះបាន តែខាងក្រុមហ៊ុន AVG នៅតែផ្តល់ដំបូន្មានឱ្យអ្នកប្រើប្រាស់ទូរសព្ទ Android ទាំងអស់ដោះថ្មចេញ ដើម្បីបញ្ជាក់ថាទូរសព្ទពិតជាបានបិទប្រាកដមែន៕