ការ ប្រកួតជុំទី៥ពានរង្វាន់ FA Cup របស់អង់គ្លេស នៅសល់មួយគូទៀតនៅយប់នេះគឺ ក្រុម Preston North End នឹងត្រូវប៉ះក្រុមបិសាចក្រហម Manchester United នាម៉ោង២:៤៥នាទីរំលងអាធ្រាត្រនេះ។ ចាំមើលក្រុមលេងនៅលីកលំដាប់ទី៣ អាចយកឈ្នះក្រុមម្ចាស់ពានរង្វាន់ Premier League ២០សម័យបានដែរឬទេ?
សម្ដីអ្នកចាត់ការក្រុមទាំងពីរ
លោក Grayson អ្នកចាត់ការក្រុម Preston ដែលជាអតីតអ្នកធ្លាប់ដឹកនាំក្រុម Leeds United ទម្លាក់ក្រុម Man Utd ពីពានរង្វាន់នេះនៅឆ្នាំ២០១០នោះ បាននិយាយមុនប្រកួតនេះថា៖ “ខ្ញុំនៅតែចាំមិនភ្លេចនោះទេ ដែលធ្លាប់ដឹកនាំក្រុម Leeds ទម្លាក់ក្រុមបិសាចក្រហមនោះ។ ហើយពេលនេះខ្ញុំបានមកដឹកនាំក្រុម Preston ម្ដង ហើយបានមកប៉ះក្រុម Man Utd ទៀត។ ដូច្នេះ ប្រកួតយប់នេះ ខ្ញុំនៅតែមានសង្ឃឹមច្រើន ទោះ Preston មិនសូវមានកីឡាករខ្លាំងៗក៏ដោយ”។
ងាកមកខាងលោក Van Gaal ដែលធ្លាប់បាននិយាយថានឹងជួយក្រុមយកពានមួយនេះឲ្យបាននោះ ក៏បាននិយាយដែរថា៖ “ខ្ញុំសង្ឃឹមថាពិភពលោកនេះមិនប្រឆាំងនឹងខ្ញុំទេនៅយប់នេះ។ ខ្ញុំធ្លាប់បាននិយាយហើយថា យើងបានលេងជាមួយក្រុមលំដាប់អន់៣ប្រកួតមកហើយ ប៉ុន្តែយើងបែរជាបង្ហាញទម្រង់លេងមិនល្អទៅវិញ។ ដែលនេះប្រហែលជាពិភពលោកកំពុងតែប្រឆាំងនឹងយើងហើយមើលទៅ។ វាពិតជាពិបាកនឹងទទួលយកណាស់ចំពោះរឿងនេះ ប៉ុន្តែខ្ញុំសង្ឃឹមថាយប់នេះអ្វីគ្រប់យ៉ាងនឹងដំណើរការបានល្អ”។
ជើងកីឡាករ
ម្ចាស់ផ្ទះ Preston នឹងអវត្តមានកីឡាករ២នាក់គឺ Sam Johnstone និង Daniel Johnson ព្រោះជាប់បម្រាម ខណៈដែលអ្នកចាំទី Thorsten Stuckmann វិញអាចនឹងចូលលេងវិញបានហើយក្នុងយប់នេះ។ ដូច្នេះជម្រើស១១នាក់ដំបូងអាចជា Stuckmann, Huntington, Clarke, Wright, Wiseman, Gallagher, Welsh, Kikenny, Laird, Garner និង Davies ។
ចំណែកក្រុមភ្ញៀវ Man Utd វិញខ្សែប្រយុទ្ធ Van Persie មិនទាន់ច្បាស់ថាអាចលេងបានឬអត់នៅឡើយទេ ខណៈដែល Michael Carrick , Phil Jones និង Daley Blind អាចនឹងអវត្តមាននៅយប់នេះ។ ដូច្នេះជម្រើស១១នាក់ដំបូងអាចជា De Gea , McNair , Smalling , Evans , Rojo , Herrera , Di Maria , Mata , Rooney , Wilson និង Falcao ។