ក្រុម ហង្សក្រហម Liverpool បានយកឈ្នះក្រុម Besiktas ១-០ នៅចុងម៉ោងយប់មិញ បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទី ដោយខ្សែប្រយុទ្ធ Mario Balotelli នៅនាទី៨៥។ ប៉ុន្តែមុននឹងគ្រាប់បាល់នេះកើតឡើង គឺមានការដណ្ដើមគ្នា រវាងប្រធានក្រុម Jordan Henderson, Daniel Sturridge និង Balotelli សុទ្ធតែចង់ទាត់បាល់ប៉េណាល់ទី១គ្រាប់នេះ។
តាមច្បាប់ និងវិន័យរបស់ក្លិបហង្សក្រហមគឺ Steven Gerrard ជាជម្រើសទី១ ក្នុងការស៊ុតបាល់ប៉េណាល់ទី ខណៈដែល Jordan Henderson ជាជម្រើសទី២ ដរាបណាអវត្តមាន Gerrard។ ប៉ុន្តែ Mario Balotelli គឺជាកីឡាករដែលស៊ុតបាល់ប៉េណាល់ទីដ៏ល្អបំផុតមួយរូប នៅលើពិភពលោក។
ដូច្នេះចង់ដឹងថា Balotelli ធ្វើត្រូវ ឬខុសនោះ សូមមើលនូវទស្សនៈផ្សេងៗគ្នាដូចខាងក្រោម៖
Steven Gerrard៖ Balotelli (ខុស)
ប្រធានក្រុម Steven Gerrard បាននិយាយប្រាប់ដល់ ITV ថា៖ ” Henderson គួរតែជាអ្នកទាត់ប៉េណាល់ទី។ ច្បាប់គឺច្បាប់ គួរតែឲ្យទៅ Henderson ជាអ្នកទាត់។ Mario រប៉ិលរប៉ូចបន្តិច ប៉ុន្តែគាត់ធ្វើបានល្អ និងអាចស៊ុតបញ្ចូលទីបាន។ Henderson ជាប្រធានក្រុម ហើយ Mario គាត់ហាក់ដូចជាខ្វះការគោរព”។
Clinton Morrison៖ Balotelli (ខុស)
ខ្សែប្រយុទ្ធក្រុម Exeter City បានសរសេរនៅលើ Twitter ថា៖ “បើខ្ញុំជាខ្សែប្រយុទ្ធ ខ្ញុំចង់ទាត់បាល់ប៉េណាល់ទី ប៉ុន្តែបើប្រធានក្រុមមានតួនាទីជាអ្នកទាត់ អ្នកមិនអាចប្រកែកបានទេ ទោះជាអ្នកមានទំនុកចិត្តខ្លាំងប៉ុណ្ណាក៏ដោយ”។
Jamie Carragher៖ Balotelli (ត្រូវ)
វីរបុរសក្រុមហង្សក្រហមលោក Jamie Carragher ក៏បានបញ្ចេញទស្សនៈនៅលើ Twitter ដែរថា៖ “ការទាត់បាល់ប៉េណាល់ទីនៅចុងម៉ោង ក្នុងការប្រកួតដ៏ធំរបស់អឺរ៉ុប អ្នកត្រូវតែឲ្យទៅកីឡាករសំខាន់ (Best Man) ជាអ្នកទាត់។ Balotelli ទើបស័ក្ដិសម”។
Didi Hamann៖ Balotelli (ត្រូវ)
រីឯអតីតកីឡាករ Liverpool លោក Didi Hamann វិញ បានសរសេរលើ Twitter ថា៖ ” Balotelli ត្រូវតែជាអ្នកទាត់ប៉េណាល់ទី។ គាត់មានជំនាញល្អខាងហ្នឹង គ្មានហេតុផលអ្វីឲ្យទៅកីឡាករផ្សេងជាអ្នកទាត់នោះទេ”។
ក្នុងអាជីពរបស់ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ Balotelli ធ្លាប់ស៊ុតបាល់ប៉េណាល់ទីចំនួន ២៩លើកហើយ ក្នុងនោះស៊ុតអត់ចូលតែ ២លើកប៉ុណ្ណោះ និងស៊ុតចូលទីបាន ២៧គ្រាប់៕