Apple បានចេញលិខិតអញ្ជើញអ្នកកាសែតនៅទូទាំងពិភពលោក ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Spring Forward ដ៏ធំរបស់ខ្លួន ដែលនឹងធ្វើឡើងនៅថ្ងៃទី៩ ខែមិនាខាងមុខ។
យ៉ាងណាក៏ដោយ Apple ពុំបានបញ្ជាក់ជាផ្លូវការ ថាតើខ្លួននឹងបង្ហាញអ្វីពិសេសខ្លះ នៅក្នុងព្រឹត្តិការនោះទេ។ ព័ត៌មានខ្លះថា ក្រុមហ៊ុនអាមេរិកមួយនេះនឹងបង្ហាញពីតម្លៃច្បាស់លាស់ និងលក្ខណៈលម្អិតផ្សេងទៀតអំពី Apple Watch ដែលក្រុមហ៊ុនពុំបានបកស្រាយជាក់លាក់តាំងពីថ្ងៃប្រកាសដំបូង។
ចំណែកឯពាក្យចចាមអារ៉ាមខ្លះទៀត ថាវត្តមាន MacBook អេក្រង់១២អ៊ីញ និង iPad Pro ក៏នឹងត្រូវប្រកាសនៅថ្ងៃនោះដូចគ្នា។
ព្រឹត្តិការណ៍ដ៏ធំនេះនឹងធ្វើឡើងក្នុងមហោស្រពសិល្បៈ Yerba Buena ទីក្រុង San Francisco វេលាម៉ោង ១០ព្រឹក ដែលត្រូវនឹងម៉ោង ១២យប់នៅកម្ពុជា៕