ក្រុម
FC Barcelona កាន់តែខិតជិតក្រុមកំពូលតារាង Real Madrid ហើយ
បន្ទាប់ពីក្រុមមួយនេះ លត់ក្រុមម្ចាស់ផ្ទះ Athletic Bilbao ៥-២
ក្នុងការប្រកួត La Liga សប្ដាហ៍ទី២២ កាលពីយប់មិញ។
បើកឆាកតង់ទី១ បាន១៥នាទី ខ្សែប្រយុទ្ធ Lionel Messi បានទាត់បាល់ពិន័យហ្រ្វីឃីកទម្លុះដៃអ្នកចាំទី Gorka Iraizoz Moreno ឲ្យក្រុមភ្ញៀវនាំមុខមុន មុនពេលដែលខ្សែប្រយុទ្ធចំណូលថ្មី Luis Suarez រកបាន១គ្រាប់ទៀតនៅនាទីទី២៦។
នៅតង់ទី២ នាទី៦០ ខ្សែបម្រើ Mikel Rico រកគ្រាប់បាល់ឲ្យក្រុមម្ចាស់ផ្ទះបាន១គ្រាប់វិញ មុនពេលដែលកីឡាករ Oscar de Marcos របស់ Athletic Bilbao ធ្វើឲ្យចូលទីខ្លួនឯង នៅនាទី៦២។ ២នាទីបន្ទាប់ ខ្សែប្រយុទ្ធ Neymar ស៊ុតគ្រាប់ទី៤ ឲ្យ Barca ប៉ុន្តែខ្សែប្រយុទ្ធ Aritz Aduriz បានសងមួយគ្រាប់ទៀតឲ្យម្ចាស់ផ្ទះ នៅនាទី៦៧។
ខ្សែការពារ Xabier Etxeita របស់ Bilbao ត្រូវពិន័យកាតក្រហមនាទីទី៧៥ បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយនឹងអតីតខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Suarez ធ្វើឲ្យក្រុមភ្ញៀវកាន់តែមានប្រៀប និងបានបន្ថែម១គ្រាប់ទៀតនៅចុងតង់ ដោយខ្សែប្រយុទ្ធ Pedro Rodriguez នាទីទី៨៦ ធ្វើឲ្យចប់ការប្រកួតក្រុម Athletic Bilbao ចាញ់ក្រុមខ្លាំង Barca យ៉ាងចាស់ដៃ ២-៥។
ជ័យជម្នះមួយនេះ បានធ្វើឲ្យក្រុមអ្នកមានបុណ្យបន្តឈរនៅចំណាត់ថ្នាក់លេខ២ ដោយមាន៥៣ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង Real Madrid តែ១ពិន្ទុប៉ុណ្ណោះ និងនាំមុខក្រុមលេខ៣ Atletico Madrid ៣ពិន្ទុ៕