ក្លិប តោខៀវ Chelsea បានប្រកាសចាប់ដៃគូជាផ្លូវការ ជាមួយនឹងក្រុមហ៊ុនផលិតកង់រថយន្តរបស់ជប៉ុន Yokohama Rubber Company Ltd ក្នុងតម្លៃសរុប ២០០លានផោន (ជាង៣០៨,៥លានដុល្លារ) រយៈពេល៥ឆ្នាំ សម្រាប់ធ្វើជាដៃគូឧបត្ថម្ភអាវថ្មីរបស់ពួកគេ ចាប់ពីរដូវកាល ២០១៥/២០១៦ខាងមុខតទៅ។
តម្លៃចុះកិច្ចសន្យា៤០លានផោន (ជាង៦១.៥លានដុល្លារ) ក្នុងមួយឆ្នាំនេះ ធ្វើឲ្យក្លិបតោខៀវទទួលបានចំណូលទ្វេជាពីរ បើធៀបទៅនឹងក្រុមហ៊ុនឧបត្ថម្ភអាវចាស់ Samsung ដែលចុះកិច្ចសន្យាតាំងពីឆ្នាំ២០០៦ ក្នុងតម្លៃ ១៨លានផោន (ជាង ២៧.៥លានដុល្លារ) និងក្លាយជាក្លិបបាល់ទាត់អង់គ្លេសទី២ ដែលទទួលបានថ្លៃឈ្នួលពីក្រុមហ៊ុនឧបត្ថម្ភអាវថ្លៃជាងគេបង្អស់ បន្ទាប់ពីក្រុម Manchester United។
ក្លិបបិសាចក្រហម Manchester United បានចុះកិច្ចសន្យា៧ឆ្នាំ ជាមួយនឹងក្រុមហ៊ុនរថយន្តរបស់អាមេរិក Chevrolet ក្នុងតម្លៃ ៥០លានផោន (ជាង៧៧លានដុល្លារ) ក្នុងរយៈពេល១ឆ្នាំ ដែលជាតម្លៃខ្ពស់ដាច់គេ នៅអង់គ្លេស។
ប្រធានក្លិបតោខៀវ លោក Bruce Buck បាននិយាយប្រាប់ដល់គេហទំព័ររបស់ក្លិបថា៖ “Chelsea និង Yokohama គឺស័ក្ដិសមគ្នាឥតខ្ចោះ។ ក្រុមហ៊ុនលំដាប់ពិភពលោកទាំង២ គឺមានគោលដៅចង់បង្ហាញស្នាដៃ និងការអភិវឌ្ឍន៍អ្វីថ្មីៗដូចគ្នា។ ជាពិសេសយើងមានមហិច្ឆតា ចង់ទទួលបានភាពជោគជ័យធំធេងនៅថ្ងៃអនាគតដូចគ្នាផងដែរ”៕