ខ្សែប្រយុទ្ធ Didier Drogba បានចេញមកបញ្ចប់មន្ទិលសង្ស័យពីអនាគតរបស់ខ្លួនហើយ បន្ទាប់ពីកីឡាកររូបនេះ ប្រាប់ថានឹងបន្តលេងឲ្យក្រុម Chelsea ទៀត ក្រោយចប់រដូវកាលនេះ។
ថ្មីៗនេះកីឡាករជើងចាស់វ័យ៣៦ឆ្នាំ ធ្លាប់បង្ហើបប្រាប់ថា រូបគេសង្ឃឹមថាក្លិបដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដុង នឹងបន្តកិច្ចសន្យាឲ្យរូបគេទៀត បន្ទាប់ពីចប់កុងត្រានៅចប់រដូវកាល។ ប៉ុន្តែឥឡូវអ្វីហាក់ដូចជារួចរាល់អស់ហើយ បន្ទាប់ Drogba ចេញមកបញ្ជាក់ថា រូបគេនឹងបន្តលេងឲ្យក្រុមតោខៀវទៀត នៅរដូវកាលក្រោយ។
អតីតប្រធានក្រុមជម្រើសជាតិកូឌីវ័រ បានប្រាប់ដល់កម្មវិធីស្ថានីយទូរទស្សន៍បារាំង Telefoot យ៉ាងខ្លីថា៖ «នៅរដូវកាលក្រោយ ខ្ញុំនឹងនៅតែជាកីឡាកររបស់ក្រុម Chelsea»។
គួររំឭកថា Drogba បានផ្ទេរមកចូលរួមជាមួយក្លិបតោខៀវវិញ កាលពីដើមរដូវកាលកន្លងទៅ ក្នុងកិច្ចសន្យា១ឆ្នាំ បន្ទាប់ពីចាកចេញពីកីឡដ្ឋាន Stamford Bridge កាលពីឆ្នាំ២០១២ ទៅលេងឲ្យក្រុមលីកកំពូលរបស់ចិន Shanghai Shenhua និងក្រុមយក្សរបស់ទួរគី Galatasaray៕