ក្រុមភ្ញៀវជាអ្នកបើកការនាំមុខមុន ដោយការស៊ុតជើងឆ្វេងបញ្ចូលទីពីសំណាក់ខ្សែប្រយុទ្ធសញ្ជាតិ អ៊ុយរុយហ្គាយ Luis Suarez នៅនាទីទី១៦។ បន្ទាប់មក នៅនាទីទី៣០ កីឡាករដែលពាក់អាវលេខ៩ ដដែលនេះ បានផ្ដួលខ្លួនឈូសបាល់បញ្ចូលទីមួយគ្រាប់ទៀត ក្រោយមានការបញ្ជូនបាល់យ៉ាងល្អពីកីឡាករសញ្ជាតិអេស្ប៉ាញ Jordi Alba។ ចប់តង់ទីមួយ ក្រុមម្ចាស់ផ្ទះ Manchester City ត្រូវក្រុមសត្រូវចាស់ Barcelona នាំមុខមុនដោយលទ្ធផល ០-២។
ចូលដល់តង់ទីពីរ ក្រុមម្ចាស់ផ្ទះ វាយបកបានមួយគ្រាប់វិញ ដោយការស៊ុតបញ្ចូលទីពីសំណាក់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនSergio Aguero នៅនាទីទី៦៩។ ក្រុមម្ចាស់ផ្ទះគ្មានឱកាសរកគ្រាប់បាល់បន្ថែមទេ ហើយនៅនាទី៧៤ ខ្សែការពារសញ្ជាតិបារាំង Gael Clichy ទទួលបានកាតលឿងជាលើកទីពីរ ធ្វើឲ្យក្រុមម្ចាស់ផ្ទះនៅសល់គ្នា ១០នាក់ រងសម្ពាធកាន់តែខ្លាំងពីក្រុមភ្ញៀវ។
ជិតចប់ការប្រកួតទៅហើយ ពោលគឺនៅនាទីទី៩៣ ក្នុងម៉ោងបន្ថែម ខ្សែការពារចាស់វស្សា Pablo Zabaleta របស់ក្រុម Manchester City បានបង្កកំហុសនៅក្នុងតំបន់គ្រោះថ្នាក់ ធ្វើឲ្យក្រុម Barcelona មានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រ។ ខ្សែប្រយុទ្ធដ៏មុតស្រួច Lionel Messi ជាអ្នករ៉ាប់រងលើការទម្លាយសំណាញ់ទី ប៉ុន្តែសំណាងអាក្រក់ត្រូវអ្នកចាំទីដៃស្អិត Joe Hart ជួយសង្គ្រោះបាន៕