ក្រុម ជើងឯករបស់បារាំង Paris Saint Germain នឹងបើកទ្វារកីឡដ្ឋាន Parc des Princes ស្វាគមន៍ក្រុមជើងខ្លាំងមកពីអង់គ្លេសតោខៀវ Chelsea ក្នុងការប្រកួតពានរង្វាន់កំពូលទ្វីបអឺរ៉ុប UEFA Champions League វគ្គ១៦ក្រុម ជើងទី១ នៅវេលាម៉ោង២:៤៥នាទីរំលងអាធ្រាត្រយប់នេះ។
ចាំមើល ក្រុមរបស់លោក Jose Mourinho ដែលល្បីខាងយុទ្ធសាស្រ្ដការពារខ្លាំងនោះ អាចបិទ PSG មិនឲ្យស៊ុតចេញបានដែរឬទេ?
សម្ដីអ្នកចាត់ការក្រុមទាំង២៖
លោក Laurent Blanc ដែលជាអ្នកចាត់ការក្រុមម្ចាស់ផ្ទះ PSG បាននិយាយមុនប្រកួតនេះថា៖ “យើងធ្លាប់ជួបការប្រកួតដ៏ពិបាកដូចនេះរួចហើយ កាលពីប្រកួតប៉ះក្រុម Barcelona ក្នុងវគ្គចែកពូល ហើយយើងអាចឆ្លងផុតបាន។ Jose Mourinho គឺជាមនុស្សដែលអស្ចារ្យ។ គាត់ធ្លាក់ចេញពីពានក្នុងស្រុក (Cup) ដែលអាចឲ្យគាត់មានពេល១សប្ដាហ៍ ដើម្បីរៀបចំក្រុមបានល្អ”។
រីឯលោក Jose Mourinho ដែលជាអ្នកចាត់ការក្រុមភ្ញៀវតោខៀវ បាននិយាយថា៖ “Champions League គឺជាពានរង្វាន់ដ៏អស្ចារ្យ។ កាលពីរដូវកាលមុន យើងទម្លាក់ពួកគេ ប៉ុន្តែយើងចាញ់ក្នុងការប្រកួតនៅក្នុងទីក្រុង Paris។ ខ្ញុំមិនហ៊ានថា យើងនឹងឈ្នះទេ ប៉ុន្តែយើងល្អជាង Paris។ យើងនឹងព្យាយាមរកគ្រាប់ក្រៅដីនៅជើងទី១នេះ និងព្យាយាមមិនឲ្យគេស៊ុតចូលនៅជើងទី២”។
ជើងកីឡាករ៖
ក្រុមម្ចាស់ផ្ទះកំពុងតែខ្វាយខ្វល់ខ្លាំង ព្រោះមានកីឡាកររបួសជាច្រើន។ កីឡាករ៤នាក់ បានរងរបួសកាលពីប្រកួតស្មើ ២-២ ជាមួយក្រុម Caen កាលពីចុងសប្ដាហ៍ មាន Yohan Cabaye, Marquinhos និង Serge Aurier បានដូរចេញក្នុងការប្រកួតនោះព្រោះរបួស ខណៈដែល Lucas របួសក្រលៀន។ ដូច្នេះ ១១នាក់ដំបូងរបស់ PSG អាចជា៖ Sirigu; Maxwell, Thiago Silva, Luiz, Van der Wiel; Verratti, Matuidi, Motta; Lavezzi, Cavani និង Ibrahimovic។
ចំណែកឯក្រុមភ្ញៀវ Chelsea វិញ មានកីឡាកររបួសតែម្នាក់ប៉ុណ្ណោះគឺ John Mikel Obi (របួសជង្គង់)។ ដូច្នេះក្រុមតោខៀវយប់នេះ ពេញជើងល្អណាស់ ខណៈដែល១១នាក់ដំបូងអាចជា៖ Courtois; Azpilicueta, Terry, Cahill, Ivanovic; Matic, Fabregas; Oscar, Willian, Hazard និង Costa។
ប្រវត្តិជួបគ្នា៖
ក្រុមខ្លាំងទាំង២នេះ ក៏បានជួបគ្នាដែរកាលពីឆ្នាំមុន ក្នុងវគ្គ៨ក្រុមចុងក្រោយ Champions League ខណៈដែល PSG យកឈ្នះ ៣-១ ក្នុងទឹកដី។ គ្រាប់បាល់១គ្រាប់ ដែលតោខៀវរកបាននោះ គឺបានមកពីខ្សែការពារ David Luiz ដែលបច្ចុប្បន្នជាកីឡាករក្រុម PSG។
PSG មិនដែលចាញ់ទេ ក្នុងការប្រកួតពានរង្វាន់អឺរ៉ុបក្នុងទឹកដីខ្លួនឯង ៣២ប្រកួតចុងក្រោយ (ឈ្នះ២២ ស្មើ១០)។ Paris ធ្លាប់ប៉ះក្រុមអង់គ្លេសចំនួន៩លើក ក្នុងនោះធ្លាប់ឈ្នះ២ ស្មើ៣ និងចាញ់៤ ប៉ុន្តែបើរាប់តែក្នុងដីគឺ ឈ្នះ២ ស្មើ២។
លោក Jose Mourinho ដឹកនាំការប្រកួតចាញ់តែ១ម្ដងប៉ុណ្ណោះ ក្នុងការប្រកួតជាមួយនឹងក្រុមបារាំង ១៥លើកក្នុង Champions League (ឈ្នះ១១ ស្មើ៣)៕