ក្រុម Real Madrid នឹងត្រូវបើកទ្វាកីឡដ្ឋាន Santiago Bernabeu របស់ខ្លួនស្វាគមន៍ក្រុម Atletico Madrid នាម៉ោង២:០០នាទីរំលងអាធ្រាត្រយប់នេះក្នុងវគ្គ១៦ក្រុមចុងក្រោយ Copa del Rey របស់អេស្ប៉ាញ ជើងទី២។ ចាំមើល លោក Carlo Ancelotti អាចសងសឹកលោក Diego Simeone ដើម្បីឡើងទៅជុំបន្ទាប់បានដែរឬទេ ព្រោះកាលទៅលេងនៅទឹកដី Atletico Madrid ក្រុម Real ចាញ់ដោយលទ្ធផល២-០។
សម្ដីអ្នកចាត់ការក្រុមទាំងពីរ
លោក Ancelotti បាននិយាយមុនប្រកួតនេះថា៖ “យើងមានពេល៩០នាទីដើម្បីស្ដារមុខមាត់ឡើងវិញ។ យើងមានសម្ពាធខ្លាំងដោយសារកាលពីជើងទីមួយនោះ យើងចាញ់ដល់ទៅ ២-០ ហើយមួយវិញទៀត Atletico ជាក្រុមខ្លាំងបំផុតខាងការពារ ដូច្នេះវាមិនមែនជារឿងងាយទេក្នុងការយកឈ្នះពួកគេច្រើនគ្រាប់ នោះ។ យ៉ាងណាមិញ ប្រកួតយប់នេះយើងត្រូវតែព្យាយាមឱ្យអស់ពីលទ្ធភាព”។
ចំណែកលោក Simeone វិញក៏បាននិយាយដែរថា៖ “ក្រុមទាំងមូលត្រូវមានការប្រុងប្រយ័ត្នខ្ពស់នាប្រកួតយប់នេះ ព្រោះយើងលេងជាមួយក្រុមខ្លាំងដែលពោរពេញទៅដោយបទពិសោធន៍ខ្ពស់។ កាលពីលេងនៅទឹកដីយើង យើងមានអ្នកគាំទ្រច្រើនជួយលើកទឹកចិត្ត ហើយទៅកីឡដ្ឋានគេក៏ដូចគ្នាដែរ គេក៏មានអ្នកគាំទ្រគេច្រើនដែរ។ យ៉ាងណាមិញ យើងមានទំនុកចិត្តថាក្រុមទាំងមូលនឹងសហការគ្នាបានល្អដូចលើកមុន អ៊ីចឹង”។
ជើងកីឡាករ
ម្ចាស់ផ្ទះ Real Madrid មានកីឡាករម្នាក់គត់ដែលអវត្តមាននាយប់នេះគឺ Luka Modric ដោយសាររបួសមិនទាន់ជា ខណៈដែលកីឡាករផ្សេងទៀតអាចចូលលេងបានទាំងអស់។ ដូច្នេះជម្រើសដំបូងនាប្រកួតនេះគឺ Navas , Marcelo , Pepe , Ramos , Carvajal , Isco , Kroos , Rodriguez , Bale , Benzema និង Ronaldo ។
ចំពោះក្រុមភ្ញៀវវិញគឺគ្មានកីឡាករណាអវត្តមានសោះតែម្ដង ដូច្នេះជម្រើស១១នាក់ដំបូងអាចជា Oblak , Siqueira , Godin , Gimenez , Jaunfran , Koke , Gabi , Saurez , Turan , Torres និង Mandzukic ។
ប្រវត្តិជួបគ្នា
ក្រុមទាំងពីរខាងលើនេះ បើគិតត្រួសៗទៅធ្លាប់បានជួបគ្នា៤៨ដងមកហើយ ដែលក្នុងនោះ Real ឈ្នះបាន៣០ដង ស្មើ១១ដង និង Atletico ឈ្នះបាន៧ដង។ ប៉ុន្តែបើគិតតែ៥ប្រកួតចុងក្រោយនេះវិញ ក្រុមលោក Simeone ធ្វើបានល្អជាង Real Madrid ច្រើនព្រោះអាចឈ្នះបាន៣ ស្មើ១ដង និងចាញ់១ដង។ រឿងគួរឲ្យចាប់អារម្មណ៍ គឺខ្សែប្រយុទ្ធ Ronaldo តាំងពីមកលេងនៅ Real Madrid មក អាចរកគ្រាប់បាល់បាន១៥គ្រាប់ហើយក្នុង១៨ប្រកួតចុងក្រោយជាមួយ Atletico Madrid។
ព្យាករណ៍សម្រាប់គូនេះគឺ Real Madrid ២-១ Atletico Madrid ។