ឆ្នាំ២០១៥នេះ គឺជាខួបលើកទី ១៩ នៃការចាក់ផ្សាយរឿង “មហាទេពស៊ុនអ៊ូខុង” ឆ្នាំ១៩៩៦ របស់ TVB ជាលើកដំបូង។ ទោះបីជាត្រូវរងសម្ពាធច្រើនពីរឿងស៊េរីចាស់ដែលធ្លាប់ទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំងក៏ដោយ តែដោយសារភាពច្នៃប្រឌិតក៏ដូចជាការលាយឡំរវាងរឿងកម្សត់ជាមួយ នឹងឈុតឆាកកំប្លែង “មហាទេពស៊ុនអ៊ូខុង” ត្រូវបានទស្សនិកជននៅគ្រប់វ័យចូលចិត្ត និងបានក្លាយជារឿងភាគដែលមានអ្នកទស្សនាច្រើនជាងគេក្នុងឆ្នាំ តែមួយនៅហុងកុង។
ក្រោយរយៈពេលជិត ២០ ឆ្នាំនៃការចាក់ផ្សាយរឿងនេះ ជីវិតក៏ដូចជាអាជីពរបស់តួក្នុងរឿងនេះបានផ្លាស់ប្ដូរគួរឲ្យកត់ សម្គាល់។
ថាងចេង Kwong Wa
Kwong Wa ធ្លាប់ត្រូវគេចាត់ទុកជាតារាសម្ដែងល្បីឈ្មោះមួយរូបនៅ TVB។ ចូលរួមសម្ដែងក្នុងរឿង “មហាទេពស៊ុនអ៊ូខុង” ឆ្នាំ ១៩៩៦ លោកបានពាំនាំមកនូវរូបភាពថាងចេងស្រស់សង្ហាមួយរូបដែលបានធ្វើ ឲ្យទស្សនិកជនឈ្លក់វង្វេង។ ក្រៅពីសម្ដែងក្នុងរឿងនេះ តារាសម្ដែងកើតឆ្នាំ ១៩៦៣ ក៏បានបង្ហាញវត្តមានក្នុងរឿងដ៏ល្បីៗជាច្រើនទៀតរបស់ TVB ដែរ ក្នុងនោះរួមមាន “Crimson Sabre” “A Step into the Past”…។ ឆ្នាំ ២០០៤ លោកផុតកុងត្រាជាមួយប៉ុស្តិ៍ទូរទស្សន៍ TVB និងបានទៅចិនដីគោកដើម្បីបន្តអាជីពជាតារាសម្ដែង។
គួរឲ្យសោកស្ដាយ អាជីពជាតារាសម្ដែង Kwong Wa នៅចិនដីគោកមិនទទួលបានភាពជោគជ័យ។ ក្រោយមកទៀត លោកត្រូវរងរបួសនៅជើង និងកើតជំងឺធ្លាក់ទឹកចិត្ត។ ចាប់ពីឆ្នាំ ២០០៩ ទៅ Kwong Wa បោះបង់អាជីពសម្ដែងចោលទាំងស្រុង ហើយប្រពន្ធរបស់លោក Kitman Mak ជាអ្នករ៉ាប់រងបន្ទុកគ្រួសារទាំងអស់។ មួយរយៈ ក្រោយនេះ នៅពេលដែលសុខភាពបានធូរស្រាលជាងមុនលោកដូរអាជីព ក្លាយជាបុគ្គលិកលក់ធានារ៉ាប់រងវិញដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។
ស៊ុនអ៊ូខុង-Dicky Cheung
ជាមួយការសម្ដែងចេះបត់បែនតាមកាលៈទេសៈ និងពាក្យសម្ដីតែងតែនៅជាប់មាត់ “គ្រាន់តែទៅចម្លងធម៌តើ មានអ្វីត្រូវភ័យខ្លាច” Dicky Cheung បានធ្វើឲ្យតួអង្គរបស់ខ្លួនខុសប្លែកពីតួអង្គអ៊ូខុងមុនៗរបស់ រៀមច្បង។ ក្រោយពេលសម្ដែងរឿងនេះ អាជីពរបស់តារាសម្ដែងកើតឆ្នាំ ១៩៦៥ ស្រាប់តែរះភ្លឺចែងចាំង។ លោកត្រូវបានផលិតកម្មភាពយន្តជាច្រើនពី តៃវ៉ាន់ ចិនដីគោក អញ្ជើញឲ្យចូលរួមសហការ។ តែតារាសម្ដែងរូបនេះបានបដិសេធទាំងអស់ ដោយលោកចង់ផ្ដោតអស់កម្លាំងកាយចិត្តផលិតរឿង “មហាទេពស៊ុនអ៊ូខុង” វគ្គ ២(១៩៩៨)។
ក្រោយមក TVB និង Dicky Cheung កើតមានទំនាស់ពីរឿងតម្លៃខ្លួន។ ភាគីខាងទូរទស្សន៍បានជ្រើសយកតារាសម្ដែង Benny Chan ឲ្យដើរតួជំនួសរូបលោកក្នុងវគ្គ ២។ Dicky បានសម្រេចចិត្តដើរចេញពី TVB ទៅរកទ្រនំផ្សេង។ ក្នុងរយៈពេលដ៏ខ្លីលោកកសាងកេរ្តិ៍ឈ្មោះល្បីល្បាញតាមរយៈរឿងជា ច្រើនដូចជា “The Duke of Mount Deer” “The Proud Twins”…។
ទោះទទួលបានជោគជ័យនៅក្នុងអាជីព តែរឿងស្នេហា Dicky បែរជាមិនសូវជាសមបំណង។ នៅពេលទើបតែចូលសិល្បៈ ដំបូង លោកធ្លាប់រស់នៅជាមួយតារាសម្ដែងល្បីឈ្មោះ Jessica Hsuan។ ដោយសារតែមិត្តស្រីមានកេរ្តិ៍ឈ្មោះល្បីខ្លាំងពេល លោកបានជ្រើសយកការបែកគ្នាដើម្បីឲ្យនាងរកបានមនុស្សដែលស័ក្ដិសម នឹងខ្លួន។ ឆ្នាំ ២០០៩ Dicky Cheung រៀបអាពាហ៍ពិពាហ៍ជាមួយតារាសម្ដែង Jess Zhang។ បន្ទាប់ពីបានរស់នៅជាមូយគ្នាអស់រយៈពេល ១៥ ឆ្នាំ អ្នកទាំងពីរនៅតែមានសុភមង្គលបើទោះបីជាមិនទាន់មានកូនក៏ដោយ។
ប៉ាជេ-Wayne Lai
ក្រោយពេលដើរតួ ជូប៉ាកថុង ក្នុងរឿង “យុទ្ធសិល្បឥន្ទ្រីទេព ១៩៩៦” ដែលបានធ្វើឲ្យទស្សនិកជនស្គាល់មុខ។ Wayne Lai ត្រូវបាន TVB ប្រគល់ឲ្យដើរតួ ជ្រូកប៉ាជេក្នុងរឿងថ្មី។ ជាមួយនឹងការសម្ដែងបែបកំប្លុកកំប្លែងជាមួយពាក្យមួយឃ្លាតែងនៅ នឹងមាត់ “ហេតុអ្វីស្នេហាធ្វើឲ្យមនុស្សឈឺចាប់បែបនេះ” តួជ្រូកប៉ាជេរបស់ Wayne ទទួលបានការពេញចិត្តពីទស្សនិកជនយ៉ាងពេញទំហឹង។
ក្រោយមក Wayne Lai បានចាកចោល TVB ទៅរក ATV តែអាជីពសម្ដែងនៅតែនៅមួយកន្លែងគ្មានរីកចម្រើន ធ្វើឲ្យលោកត្រូវត្រលប់ទៅរកទ្រនំចាស់វិញ។ ដល់ឆ្នាំ ២០០៩ នៅពេលបានដើរតួឯកក្នុងរឿង “Rosy Business” ទេពកោសល្យរបស់លោកត្រូវបានមហាជនទទួលស្គាល់។ សព្វថ្ងៃនេះ Wayne ជាតារាសម្ដែងជួរមុខ សម្ដែងតែតួឯករបស់រឿងល្បីជាច្រើន។ លោកធ្លាប់ក្លាយជាតារាសម្ដែងប្រុសរបស់ TVB បីដង។
សាជេ-Mak Cheung Ching
បើទោះបីជាមិនល្បីឈ្មោះដូចតារាសម្ដែងស្រករជាមួយគ្នាតែ រូបភាពរបស់ Mak Cheung Ching បានចេញមុខច្រើនជាងតារាល្បីឈ្មោះទៅទៀត។ អស់រយៈពេលជិត ២០ ឆ្នាំក្នុងអាជីពសម្ដែង Mak Cheung Ching បានសម្ដែងសរុបជាង ៥០ រឿង។ ជាពិសេសតួសម្ដែង សាជេ ក្នុងរឿង “មហាទេពស៊ុនអ៊ូខុង” បានធ្វើឲ្យទស្សនិកជនស្គាល់មុខតារាសម្ដែងមួយនេះច្បាស់ជាងគេ។
ឆ្នាំ ២០១០ លោកឈ្នះពានតួរងល្អជាងគេក្នុងកម្មវិធីប្រគល់រង្វាន់របស់ TVB។ សព្វថ្ងៃនេះ តារាសម្ដែងវ័យ ៤៧ ឆ្នាំ ពេញចិត្តនឹងការសម្ដែងតួរងរបស់ខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាមួយ គ្រួសារតូចរួមមានប្រពន្ធកូនរបស់ខ្លួន៕