កូរ៉េ ខាងត្បូងបានបើកសាលាបង្រៀនស្លាប់ ដើម្បីឆ្លើយតបនឹងចំនួនអ្នកធ្វើអត្តឃាតមានអត្រាកើនឡើងខ្ពស់ ក្នុងប្រទេស។ បើតាមស្ថិតិបានប៉ាន់ប្រមាណថា យ៉ាងហោចណាស់ជាមធ្យមមានមនុស្ស ៤០នាក់ បានសម្លាប់ខ្លួនជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យប្រទេសនេះជាប់លំដាប់ខ្ពស់ទីពីរក្នុងលោក។
អ្នកធ្វើអត្តឃាតទាំងនោះបណ្ដាលមកពីកើតជំងឺធុញថប់ (ស្ត្រេស) និងជំងឺបាក់ទឹកចិត្ត ក្នុងពេលជាយុវវ័យ។ ប៉ុន្តែវិធីដោះស្រាយចម្លែកនេះ គឺបានទទួលយកសិស្សទាំងឡាយណាដែលធ្លាប់គ្រោងធ្វើអត្តឃាត និងកើតជំងឺធុញថប់ ឲ្យពិចារណាឡើងវិញ ដោយដេកក្នុងមឈូស។
សិស្សទាំងអស់អង្គុយក្នុងមឈូសជាជួរ ដោយមានប៊ិច និងក្រដាសលលើតុតូចមួយក្បែរមឈូស ដោយពួកគេត្រូវស្ដាប់នាយកសាលាផ្ដល់ដំបូន្មាន។ ធ្លាប់ជាម្ចាស់ក្រុមហ៊ុនរៀបចំពិធីបុណ្យសព និងជានាយកសាលា Seoul Hyowon Healing Centre លោក ជឺង យ៉ុងមុន បានប្រាប់អ្នកស្ដាប់ពីភាពលំបាកដែលយើងប្រឈម គឺជាផ្នែកមួយនៃជីវិត ដែលគ្រប់គ្នាត្រូវទទួលយក និងព្យាយាមស្វែងរកភាពរីករាយដោយខ្លួនឯង។
ក្នុងចំណោមអ្នកចូលរៀន ភាគច្រើនជាយុវសិស្ស ដែលមិនអាចដោះស្រាយសម្ពាធពេលប្រលងនៅសាលារៀន ជាឪពុកម្ដាយដែលគិតថាខ្លួនពួកគាត់ គ្មានតម្លៃក្រោយកូនរត់ចោលផ្ទះ និងជាមនុស្សចាស់ដែលខ្លាចបន្ទុករឿងលុយកាក់ធ្លាក់លើគ្រួសារ ក្មេងៗ។
សូមបញ្ជាក់ថា ប្រទេសដែលមានអត្រាអ្នកធ្វើអត្តឃាតខ្ពស់ជាងគេបំផុតក្នុងលោក គឺជាប្រជាជាតិតូចមួយនៅអាមេរិកខាងត្បូង ឈ្មោះ Guyana ដែលមានអ្នកសម្លាប់ខ្លួនជាមធ្យម ៤៤,២នាក់ ក្នុងចំណោមប្រជាជន ១០ម៉ឺននាក់។ ចំណែកកូរ៉េខាងត្បូងមាន ២៨,៩នាក់ ក្នុងចំណោម ១០ម៉ឺននាក់។ នេះបើតាមអង្គការសុខភាពពិភពលោក (WHO)៕