កីឡាករ Theo Walcott កំពុងទទូចចង់បានតួនាទីលេងជាខ្សែប្រយុទ្ធសម្រាប់ក្រុមជម្រើសជាតិ អង់គ្លេស បើសិនជារបួសកែងជើងរបស់ Rooney មិនជាសះស្បើយ ទាន់ពេលអង់គ្លេស ប៉ះ អេស្តូនី នៅ Wembley ថ្ងៃសុក្រស្អែក ទេនោះ។
Walcott (ឆ្វេង) និង Rooney
ការទាមទារបែបនេះបន្ទាប់ពី ខ្សែប្រយុទ្ធមកពីក្លិប Arsenal ខាងលើ ត្រូវលោក Roy Hodgson អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស ដាក់ឲ្យលេងភាគច្រើនជាខ្សែបម្រើស្លាបស្ដាំ។ Walcott បាននិយាយថា៖ ”ខ្ញុំដឹងថាមនុស្សជាច្រើន ចង់ឃើញការលេងរបស់ខ្ញុំនៅតំបន់ប្រយុទ្ធ ហើយការលេងជាខ្សែប្រយុទ្ធនៅក្រុមជម្រើសជាតិ តែងតែស្ថិតក្នុងក្ដីស្រមៃរបស់ខ្ញុំជានិច្ច”។
Walcott បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា Rooney ដែលជិតឈានចូលដល់វ័យ ៣០ឆ្នាំទៅហើយ គួរតែទម្លាក់មកលេងជាខ្សែបម្រើវិញ ដូចតួនាទីដែលរូបគេកំពុងលេងឲ្យក្រុមបិសាចក្រហម Manchester United ស្រាប់។
បញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិអង់គ្លេសបានកក់កៅអីទៅជុំផ្ដាច់ព្រ័ត្រ ពានរង្វាន់ទ្វីបអឺរ៉ុប Euro 2016 នៅបារាំងរួចជាស្រេចហើយ ក្រោយយកឈ្នះ សាន់ម៉ារីណូ ៦-០ កាលពីខែកញ្ញា។ យ៉ាងណាក៏ដោយ លោក Hodgson កំពុងសម្លឹងរកជ័យជម្នះលើក្រុមជម្រើសអេស្តូនី និងលីទុយអានីបន្តទៀតដើម្បីទទួលបានកំណត់ត្រាឈ្នះ១០០ភាគរយនៅវគ្គ ជម្រុះ៕
តារាងជម្រុះ Euro 2016 ពូល E (រូបភាព BBC)