នៅ ក្នុងសន្និសីទសំនួរនិងចម្លើយ (Q & A ) របស់ក្រុមហ៊ុន Facebook ដែលធ្វើឡើងកាលពីខែកញ្ញាកន្លងទៅ នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បានប្រកាសថា ខ្លួនកំពុងធ្វើការបង្កើត ប៊ូតុង Dislike ដើម្បីឆ្លើយតបទៅនឹងសំណើររបស់អ្នកប្រើជាច្រើនឆ្នាំ ដើម្បីប្រើវាបង្ហាញពីអារម្មណ៍ពិតទៅលើ Post នីមួយៗនៅលើ Facebook។
ដោយឡែកនៅថ្ងៃពុធកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Facebook បែរជាប្រកាសថា ខ្លួនកំពុងតែធ្វើតេស្ដទៅលើប្រភេទរូប Emoji ថ្មីជំនួសវិញ មានឈ្មោះថា Reaction ។
Reaction គឺជាប្រភេទរូប Emoji ថ្មីដើម្បីប្រើសម្រាប់បង្ហាញពីអារម្មណ៍ពិតនៅលើ Post នីមួយៗ។ បច្ចុប្បន្នរូប emoji ទាំងនោះគឺមានចំនួនប្រាំពីរ ដែលបង្ហាញពីអារម្មណ៍ផ្សេងគ្នាដូចជា “Like, Love, Haha, Yay, Wow, Sad, និង Angry”។
អ្នកប្រើប្រាស់អាចប្រើរូប Emoji ទាំងនេះបានដោយគ្រាន់តែចុចឲ្យជាប់លើប៊ូតុង Like នោះវាលោតបង្ហាញនូវរូប Emoji ទាំងនោះ ហើយគ្រាន់តែអូសវាទៅកាន់រូបណាមួយណាដែលចង់ប្រើ នោះវានឹងបង្ហាញរូបមួយនោះនៅក្រោម Post។
ស្ថាបនិក Facebook លោក Mark Zuckerberg បានសរសេរនៅលើគណនី Facebook របស់លោកថា មុខងារថ្មីនេះនឹងចាប់ផ្ដើមប្រើសាកល្បងនៅក្នុងប្រទេសអៀរឡង់ និងអេស្ប៉ាញជាមុនសិន ដើម្បីស្វែងយល់ពីកំហុសខុសឆ្គងណាមួយ ឬមានអ្វីត្រុវកែសម្រួល មុននឹងដាក់ឲ្យប្រើប្រាស់សម្រាប់អ្នកគ្រប់គ្នា ហើយលោកសង្ឃឹមផងដែរថា អ្នកប្រើប្រាស់នឹងចូលចិត្តវា ហើយនឹងប្រើវាដើម្បីបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួននៅលើ Post ណាមួយ៕