Jose Mourinho អ្នកចាត់ការក្រុម Chelsea កំពុងប្រឈមនឹងការពិន័យថ្មីមួយទៀត ពីសហព័ន្ធបាល់ទាត់អង់គ្លេស FA ដែលអាចនឹងមិនឲ្យចូលកាន់ទីលានចំនួន៥ប្រកួត បន្ទាប់ពីអ្នកចាត់ការរូបនេះ ជាប់ចោទថាបានបញ្ចេញឥរិយាបថមិនសមរម្យដាក់អាជ្ញាកណ្ដាល ពេលតោខៀវ ប្រកួតចាញ់ West Ham ២-១ កាលថ្ងៃសៅរ៍។
Mourinho ដែលទើបតែត្រឡប់ពីការពិន័យមិនឲ្យចូលទីលាន១ប្រកួត និងពិន័យប្រាក់៥ម៉ឺនផោន រឿងរិះគន់អាជ្ញាកណ្ដាល កាលប្រកួតចាញ់ Southampton ដើមខែតុលា ឥឡូវអាចត្រូវពិន័យលើករណីថ្មីមួយទៀត បន្ទាប់ពីត្រូវបានលោកអាជ្ញាកណ្ដាល Jonathan Moss បណ្ដេញចេញពីខ្សែបន្ទាត់ ឲ្យទៅឈរខាងលើ អំឡុងការប្រកួតនៅ Upton Park កាលចុងសប្ដាហ៍កន្លងទៅ។
FA បានចេញសេចក្ដីថ្លែងការណ៍ថា Mourinho បានរងការចោទប្រកាន់ពីបទប្រព្រឹត្តិអំពើមិនត្រឹមត្រូវ ទាក់ទងនឹងការប្រើប្រាស់ភាសា និងបញ្ចេញឥរិយាបថមិនសមរម្យ ដាក់អាជ្ញាកណ្ដាលការប្រកួត ទាំងក្នុងទីលាន និងនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ អំឡុងពេលសម្រាក១៥នាទីក្រោយបញ្ចប់តង់ទី១ បន្ទាប់ពីខឹងរឿងការពិន័យកាតក្រហម (លឿង២ដង) លើកីឡាករ Nemanja Matic។
យ៉ាងណា FA ពុំទាន់បញ្ជាក់ពីទំហំនៃការពិន័យច្បាស់នៅឡើយទេ ដោយទុកពេលឲ្យអ្នកចាត់ការរហស្សនាម “Special One” រូបនេះ អាចតវ៉ាបានរហូតដល់ម៉ោង០៦ល្ងាច (អង់គ្លេស) ថ្ងៃព្រហស្បតិ៍។ ប៉ុន្តែបើតាម Mirror បានឲ្យដឹងថា ករណីខាងលើនេះ គឺស្រដៀងទៅនឹងករណីលោក Paul Ince អ្នកចាត់ការក្រុម Blackpool កាលឆ្នាំ២០១៣ និងលោក Billy Davies អ្នកចាត់ការ Nottingham Forest ធ្លាប់ធ្វើកាលឆ្នាំមុន និងត្រូវ FA ពិន័យមិនឲ្យចូលបញ្ជាកូនក្រុមនៅទីលានចំនួន៥ប្រកួតដូចគ្នា៕