Harry Kane បានបង្ហាញទម្រង់លេងល្អឡើងវិញ បន្ទាប់ពីធ្វើបាន Hat-trick (៣គ្រាប់) ក្នុងការប្រកួតដែល Tottenham Hotspur ឈ្នះក្រុម Bournemouth ដោយលទ្ធផល ៥-១។ ចំណែកឯក្រុមហង្សក្រហម Liverpool វិញ ក្រោមការដឹកនាំរបស់គ្រូថ្មី Jurgen Klopp នៅមិនទាន់រកឃើញជ័យជម្នះនៅឡើយទេ ដោយបានត្រឹមស្មើក្រុម Southampton ១-១ ប៉ុណ្ណោះក្នុងដីខ្លួនឯងយប់មិញ។
ម្ចាស់ផ្ទះ Bournemouth បាននាំមុខ Spurs ១ទល់នឹង ០ មុនទៅហើយត្រឹមនាទីទី១បើកឆាកដំបូង ប៉ុន្តែ៨នាទីក្រោយមក Kane រកបានស្មើវិញ ដោយទាត់បាល់ពិន័យ១១ម៉ែត្រ។ នាទី ១៧ Dembele រកបានមួយគ្រាប់បន្ថែម មុនពេល Lamela ដាក់មួយគ្រាប់ទៀតនាទី២៩ ជួយមាន់ខ្នាយមាស នាំមុខម្ចាស់ផ្ទះ ៣-១ ត្រឹមតង់ទី១។ ចូលដល់តង់ទី២ ខ្សែប្រយុទ្ធវ័យក្មេង Kane ថែម២គ្រាប់ទៀតនៅនាទី៥៦ និង៦៣ ដើម្បីឱ្យ Spurs ត្រជាក់ចិត្តយក៣ពិន្ទុទៅផ្ទះវិញ។
ងាកទៅការប្រកួតនៅកីឡដ្ឋាន Anfield របស់ហង្សក្រហមវិញ ម្ចាស់ផ្ទះបាននាំមុខមុនទៅហើយ នៅនាទី៧៧ ដោយខ្សែប្រយុទ្ធ Benteke ក្រោយទទួលបាល់ពី Milner ប៉ុន្តែ១០នាទីក្រោយមក Mane របស់ Southampton រកបានមួយគ្រាប់តាមស្មើវិញ។ ខ្សែបម្រើស្បែកខ្មៅរូបនេះ ជិតនឹងចប់ការប្រកួតទៅហើយ បានបង្កកំហុសរហូតទទួលបានកាតក្រហមបណ្ដេញចេញផងដែរ។ ស្មើគ្នា ១-១ នេះដែរ គឺមានន័យថា Liverpool តាំងពីបានអ្នកចាត់ការថ្មី Klopp មក មិនទាន់រកឃើញជ័យជម្នះនៅឡើយទេ៕