តម្លៃ ខ្លួនសម្រាប់រឿងមួយភាគរបស់តារាសម្ដែងតែងតែជាប្រធានបទ ដែលធ្វើឲ្យទស្សនិកជនក៏ដូចជាអ្នកគាំទ្រចង់ដឹងចង់ឮ។ ទោះបីជាវិស័យភាពយន្តថៃមានភាពរីកចម្រើនក៏ពិតមែន តែបើយកទៅផ្ទឹមនឹងវិស័យភាពយន្តក្នុងបណ្ដាប្រទេសអាស៊ីដទៃទៀត ដូចជា កូរ៉េ ចិន ឬ ជប៉ុន គឺមិនទាន់អាចប្រៀបផ្ទឹមគ្នាបាននៅឡើយ។ អាស្រ័យហេតុនេះ តម្លៃខ្លួនរបស់ពួកគេក៏មិនអាចស្មើតារាប្រទេសទាំងនោះបានដែរ។ យ៉ាងណាក៏ដោយ សម្រាប់តារាជួរមុខរបស់ប្រទេសថៃ តម្លៃខ្លួនពួកគេនៅតែខ្ពស់បើប្រៀបធៀបនឹងអ្នកធ្វើការទូទៅ។
ខាងក្រោមនេះជាតារាសម្ដែងស្រីទាំង ១០ ដែលមានតម្លៃខ្លួនខ្ពស់ជាងគេក្នុងរឿងមួយភាគ៖
១. Aum Patchrapa
កំពូលតារាសម្ដែង Aum Patchrapa ជាតារាលំដាប់ A របស់ប្រទេសថៃ និងទទួលថតរឿងតិចបំផុត។ តែឥទ្ធិពលរបស់នាងគឺគ្របដណ្ដប់ទូទាំងប្រទេសថៃទាំងមូល។ តម្លៃខ្លួនរបស់តារាវ័យ ៣៦ ឆ្នាំរូបនេះ គឺ ២០ ម៉ឺនបាត (៥៤០០ ដុល្លារ)។
២. Chompoo Araya
លេខពីរក្នុងតារាងនេះគ្មានអ្នកណាផ្សេងក្រៅពីតារាសិចស៊ី Chompoo Araya ឡើយ។ ទោះបីជាល្បីឈ្មោះដល់អន្តរជាតិ ប៉ុន្តែតម្លៃខ្លួនជាមធ្យមរបស់ Araya បានត្រឹមតែពាក់កណ្ដាលរបស់ Aum Patchrapa តែប៉ុណ្ណោះ នោះគឺ ១០ ម៉ឺនបាត (២៧០០ ដុល្លារ)។
៣. Ann Thongprasom
Ann Thongprasom ត្រូវបានប្រជាជនថៃទទួលស្គាល់ថាជារាជិនីរឿងភាគ។ នៅពេលដែលនិយាយដល់តារាដែលមានតម្លៃខ្លួនខ្ពស់ ឈ្មោះរបស់ Ann តែងតែត្រូវបានរំឮកជាហូរហែ។ មហាជនថៃ គោរព បុគ្គលិកលក្ខណៈរបស់ Ann ដោយសារតែ តាំងពីឈានជើងចូលវិស័យសិល្បៈអស់រយៈពេលជាង ២៦ឆ្នាំ មកនេះ នាងមិនដែលមានរឿងអាស្រូវអ្វីនោះទេ។ ទោះបីឥលូវបានក្លាយជា អ្នកដឹកនាំសម្ដែងហើយក៏ដោយ Ann នៅតែទទួលសម្ដែងរឿងដើម្បីឲ្យអ្នកគាំទ្ររបស់ខ្លួនបានទស្សនា។ ក្នុងមួយភាគ Ann ទទួលបាន ៨ ម៉ឺនបាត (២២០០ ដុល្លារ)។
៤. Nune Woranuch
ក្រោយពេលរៀបអាពាហ៍ពិពាហ៍រួចមក តារាសម្ដែង Nune Woranuch លែងទទួលថតរឿងទៀតហើយ។ នាងគ្រាន់តែទទួលថតពាណិជ្ជកម្ម និងចូលរួមកម្មវិធីផ្សេងៗតែប៉ុណ្ណោះ។ តម្លៃខ្លួនជាមធ្យមរបស់ Nune គឺ ៨ ម៉ឺនបាត (២២០០ ដុល្លារ)។
៥. Ploy Chermarn
ដូចគ្នានឹងតារាសម្ដែងទាំងពីរខាងលើដែរ Ploy Chermarn ទទួលបានតម្លៃខ្លួន ៨ ម៉ឺនបាតដែរ។ ជាមួយទេពកោសល្យ និងសម្រស់របស់ខ្លួន Ploy អាចនឹងលើកតម្លៃខ្លួនឲ្យខ្ពស់ជាងនេះទៀត។
៦. Aff Taksaorn
ដោយមានសម្រស់ជាកូនថៃចំគ្មានកាត់សាសន៍ណាទាំងអស់ បូករួមជាមួយនឹងចរិត ស្លូតបូត Aff Taksaorn តែងតែបានគេប្រគល់ឲ្យដើរតួឯកក្នុងរឿងភាគបុរាណជានិច្ច។ ទោះបីជាឥលូវនេះកំពុងសម្រាកដើម្បីមើលថែកូនតូច តែ Aff នៅតែបានគេអញ្ជើញឲ្យថតរឿងក្នុងតម្លៃខ្លួន ៧៥០០០ បាតក្នុងរឿងមួយភាគ (ប្រហែល២០០០ ដុល្លារ)។
៧. Janie Thienphosuwan
ទោះបីជា Janie Thienphosuwan ធ្លាប់មានរឿងអាស្រូវជាច្រើនក៏ពិតមែន តែនាងនៅតែជាតារាជួរមុខរបស់ប្រទេសថៃដដែល។ តម្លៃខ្លួនរបស់ Janie សម្រាប់រឿងមួយភាគគឺ ៧៥០០០ បាត។
៨. Pancake Khemanit
Pancake Khemanit នៅតែជាតារាលំដាប់ A របស់ភាពយន្តថៃដដែល បើទោះជាមិនសូវទទួលថតរឿងក៏ដោយ។ Pancake ទទួលបានតម្លៃខ្លួន ៧ម៉ឺនបាត (១៩០០ ដុល្លារ) ក្នុងរឿងមួយភាគ។
៩. Min Peechaya
Min Peechayaក៏ជាតារាសម្ដែងមួយរូបដែលត្រូវគេសរសើរដោយចរិតលក្ខណៈ របស់ខ្លួនដែរ។ ដោយសារតែមានសម្រស់ស្អាតនិងចរិតល្អ ហេតុនេះអ្នកដឹកនាំសម្ដែងជាច្រើនចូលចិត្តសហការជាមួយ Min។ Min ទទួលបាន ៥ ម៉ឺនបាត ( ១៤០០ ដុល្លារ) ក្នុងរឿងមួយភាគ។
១០. Yaya Urassaya
ចុងបញ្ចប់គឺជាឈ្មោះរបស់តារាសម្ដែងដែលមានវ័យក្មេងជាងគេ Yaya Urassaya។ Yaya មានអ្នកគាំទ្រភាគច្រើនជាមិត្តៗយុវវ័យ។ Yaya នឹងឈានទៅរកចំណុចថ្មីមួយទៀតក្នុងអាជីពជាតារាសម្ដែងរបស់ ខ្លួន នៅពេលដែលមានឈ្មោះក្នុងតារាងតារាមានតម្លៃខ្លួនខ្ពស់ជាងគេ ក្នុងវ័យទើបតែ ២២ ឆ្នាំ។ Urassaya ទទួលបាន ៤៥០០០ បាត (១២០០ ដុល្លារ) ក្នុងរឿងមួយភាគ៕