បើ ទោះបីមានគ្រឹះស្ថានបណ្ដុះបណ្ដាលវិស័យបច្ចេកវិទ្យារដ្ឋ និងឯកជនកំពុងមានវត្តមានយ៉ាងច្រើនសន្ធឹកនៅកម្ពុជាក៏ដោយ ក៏គ្រឹះស្ថានទាំងនោះនៅជាតែជាស្ថាប័នស្វែងរកប្រាក់ចំណេញ ពោលគឺសម្រាប់និស្សិតក្រីក្រនៅតាមតំបន់ដាច់ស្រយាល ពុំមានលទ្ធភាពបង់ថ្លៃសិក្សាទេបើទោះបីជាតម្លៃសិក្សានោះ ថោកយ៉ាងណាក៏ដោយ។
ដោយសារតែសម្លឹងឃើញយ៉ាងនេះហើយ ទើបអង្គការ Passerelles Numerique Cambodia (PNC) ដែលប្តូរឈ្មោះពី CIST ត្រូវបានបង្កើតឡើងដើម្បីជួយដល់សិស្សក្រីក្រនៅតាមតំបន់ជនបទ ដាច់ស្រយាលដើម្បីផ្ដល់ឱកាសឲ្យពួកគេអាចរៀនជំនាញព័ត៌មានវិទ្យា (IT) ដោយឥតបង់ថ្លៃ។
តើ PNC ជួយដល់និស្សិតក្រីក្រយ៉ាងម៉េចខ្លះទៅ? បង្កើតឡើងដោយអ្នកណា? មានប្រវត្តិដូចម្ដេច? មានជំនាញអ្វីខ្លះទៅ? ចុះគុណភាពវិញយ៉ាងម៉េចដែរ? ជ្រើសរើសសិស្សក្រីក្រមែនឬអត់?
ដើម្បីឲ្យកាន់តែច្បាស់នូវប្រវត្តិ ចក្ខុវិស័យ បេសកកម្ម និងគោលបំណងរបស់គ្រឹះស្ថានបណ្ដុះបណ្ដាញជំនាញបច្ចេកវិទ្យាមិនស្វែង រកប្រាក់ចំណេញមួយនេះឲ្យកាន់តែច្បាស់នោះ សូមតាមដានស្វែងយល់ជាមួយ Sabay នៅក្នុងទំព័រនេះដូចខាងក្រោម។
ទីតាំង
បច្ចុប្បន្ន PNC មានទីតាំងនិងអាគារផ្ទាល់ខ្លួន ដែលមានទំហំធំល្មម ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា (បូរីសឡា) ខណ្ឌសែនសុខ ក្រុងភ្នំពេញ។
ប្រវត្តិ
PNC ត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០០៥ ជ្រកក្រោមស្ថាប័នធំមួយទៀតឈ្មោះថា Passerelles Numeriques។
មជ្ឈមណ្ឌលបណ្តុះបណ្តាលនេះបង្កើតឡើងដំបូង គ្រាន់តែជាគម្រោងមួយដែលផ្ដាច់ចេញពីអង្គការ កុមារមេគង្គ (Enfants du Mekong) ប៉ុណ្ណោះ។ កុមារមេគង្គគឺជាអង្គការមួយជួយឧបត្ថម្ភដល់សិស្សក្រីក្រនៅតាម តំបន់ដាច់ស្រយាលឲ្យមានលទ្ធភាពបន្តការសិក្សានៅមហាវិទ្យាល័យ។ នៅពេលនោះ PNC ជាអ្នកទទួលសិស្សពីអង្គការកុមារមេគង្គ តែក្រោយមក PNC ក៏បានពង្រីកទំហំប្រតិបត្តិការរបស់ខ្លួនដោយបានផ្ដាច់ចេញពី អង្គការនេះ និងបានចុះទៅជ្រើសរើសសិស្សនៅតាមតំបន់ដាច់ស្រយាលនៃបណ្ដាខេត្ត មួយចំនួនឲ្យមករៀនលើមុខជំនាញព័ត៌មានវិទ្យាផ្ទាល់តែម្ដង ចាប់ពីឆ្នាំ២០០៥មក។
ចាប់ផ្ដើមដំណើរការដំបូង មិនទាន់មានទីតាំង និងអាគារធំនៅឡើយទេ ក្រោយមកដោយសារតែមានអ្នកជួយឧបត្ថម្ភផ្ដល់ជំនួយជាបន្តបន្ទាប់ ជាពិសេសគឺ Passerelles Numeriques ធ្វើឲ្យមជ្ឈមណ្ឌលមួយនេះ ពង្រីកទីតាំងអគារសិក្សា និងការិយាល័យកាន់តែធំ ហើយថែមទាំងមានទីតាំងផ្ទាល់ខ្លួនថែមទៀតផង។
Passerelles Numeriques ដែលជាឪពុកម្ដាយរបស់ PNC បច្ចុប្បន្ននេះមានបីសាខាធំៗគឺនៅហ្វីលីពីន (2009) វៀតណាម(2010) និងកម្ពុជា។ ក្នុងចំណោមសាខាទាំងបី គឺមានឈ្មោះ និងប្រតិបត្តិការទៅតាមផែនការរៀងៗខ្លួន ចំណែក PNC ដែលបង្កើតឡើងមុនគេមានហិរញ្ញវត្ថុរឹងមាំជាងគេ ហើយថែមទាំងមានបរិក្ខារគ្រប់គ្រាន់សម្រាប់ផ្ដល់ឲ្យសិស្ស និងនិស្សិតសិក្សាថែមទៀតផង។
បេសកកម្មចម្បង
PNC គឺជាគ្រឹះស្ថានមិនស្វែងរកប្រាក់ចំណេញដំបូងបំផុត ដែលផ្ដល់អត្ថប្រយោជន៍ចំនួនបីសំខាន់ៗដល់និស្សិត។ ទីមួយជួយដល់និស្សិតក្រីក្រនៅតាមតំបន់ជនបទដាច់ស្រយាលដែល ពុំមានលទ្ធភាពបន្តការសិក្សានៅមហាវិទ្យាល័យបាន។ ទីពីរគឺ ជាស្ថាប័នក្រៅរដ្ឋាភិបាលដំបូងដែលបណ្ដុះបណ្ដាលលើមុខជំនាញ បច្ចេកវិទ្យា IT។ ការបណ្ដុះបណ្ដាលនេះមិនមែនមានគោលបំណងត្រឹមតែបណ្ដុះបណ្ដាលឲ្យ ចេះប្រើប្រាស់ធម្មតានោះទេ តែគឺដើម្បីឆ្លើយតបសេចក្ដីត្រូវការរបស់ទីផ្សារការងារ។
ចំណែក ទិសដៅចុងក្រោយនោះគឺបង្កើតការងារដល់និស្សិតដែលបញ្ចប់ការ សិក្សាពីសាលានេះ ហើយអ្វីដែលសំខាន់បំផុតនៃបេសកកម្មចុងក្រោយនេះគឺជាផ្នែកមួយនៃ ការចូលរួមកាត់បន្ថយភាពក្រីក្រដល់ប្រជាជនកម្ពុជាផងដែរ។
ពាក្យស្លោកតំណាង PNC
PNC មានពាក្យស្លោកបីជាតម្លៃមូលដ្ឋានដែលគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាមួយនេះផ្ដល់ឲ្យគឺ៖
Responsibility៖ និស្សិតគ្រប់រូបដែលសិក្សានៅ PNC ត្រូវមានទំនួលខុសត្រូវចំពោះខ្លួនឯង មានន័យថា គាត់ត្រូវចេះទទួលខុសត្រូវរាល់កិច្ចការការងារ និងសកម្មភាពដែលខ្លួនបានធ្វើ និងមិនត្រឹមតែទទួលខុសត្រូវចំពោះការងាររបស់ខ្លួនតែមួយមុខ ប៉ុណ្ណោះទេតែត្រូវចេះទទួលខុសត្រូវចំពោះគ្រួសារនិងសង្គមជាតិផង ដែរ។
Trust៖ ក្រោយពីបញ្ចប់ការសិក្សានៅ PNC និស្សិតដែលបញ្ចប់ការសិក្សានឹងមានការងារធ្វើត្រូវធ្វើខ្លួន យ៉ាងណាឲ្យក្រុមហ៊ុនដែលជ្រើសរើសនិស្សិតទាំងនោះ មានទំនុកចិត្តទៅលើខ្លួនទាំងគុណវុឌ្ឍិ និងអត្តចរិត។
Solidarity៖ សំដៅទៅលើសាមគ្គីភាពដែលនិស្សិត PNC ម្នាក់ៗត្រូវមាន មិនថាអ្នកនោះកំពុងសិក្សា ឬបានការងារធ្វើហើយក៏ដោយ គឺត្រូវតែមានសាមគ្គីរវាងគ្នានិងគ្នាដែរ។
ដំណាក់កាលជ្រើសរើសសិស្សចូលសិក្សា
PNC គឺជាស្ថាប័នដែលជ្រើសរើសសិស្សឲ្យចូលរៀនមានតម្លាភាពបំផុត។ និស្សិតដែលអាចចូលរៀននៅសាលានេះបាន ទាល់តែជាសិស្សដែលប្រឡងជាប់ថ្នាក់ទី១២ (អាចដាក់បានបន្ទាប់ពីរៀនចប់ថ្នាក់ទី១២ពីរឆ្នាំ) ជាសិស្សដែលមានជីវភាពក្រីក្រពិតៗ គ្មានលទ្ធភាពមកបន្តការសិក្សានៅមហាវិទ្យាល័យ និងជាសិស្សដែលមានសមត្ថភាពទៀតផង។
តើជ្រើសរើសយ៉ាងម៉េចទៅទើបបានសិស្សដែលមានសមត្ថភាព ហើយក្រីក្រពិតប្រាកដនោះ?
PNC បានបញ្ជូនភ្នាក់ងារជ្រើសរើសសិស្សទៅដល់សាលានៅតាមតំបន់ជនបទ ហើយសិស្សទាំងនោះត្រូវឆ្លងកាត់ការប្រឡងលើមុខវិទ្យាគណិតវិទ្យា តក្កវិទ្យា និងអង់គ្លេស។ មិនត្រឹមតែឆ្លងកាត់ការប្រឡងប៉ុណ្ណោះទេ ភ្នាក់ងារជ្រើសរើសទាំងនោះត្រូវចុះទៅដល់ផ្ទះរបស់សិស្សដែល បានធ្វើតេស្ដជាប់នោះថែមទៀត ផង ដោយត្រូវសង្កេតមើល និងវាយតម្លៃយ៉ាងលម្អិត ថាតើពិតជាក្រីក្រគ្មានលទ្ធភាពមែនឬអត់។
អត្ថប្រយោជន៍ចំពោះនិស្សិត
និស្សិតដែលបានចូលរៀននៅសាលា PNC នេះនឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
– សិក្សាជំនាញ IT ដោយឥតគិតថ្លៃ
– ទទួលបានកន្លែងស្នាក់នៅសមរម្យ
– ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការចំណាយលើម្ហូបអាហារ (ជាង30ដុល្លារ)
– នៅអំឡុងពេលសិក្សា សិស្សម្នាក់ៗនឹងទទួលបានបទពិសោធន៍តាមរយៈការផ្ដល់ឱកាសចុះទៅ Internនៅតាមបណ្ដាក្រុមហ៊ុនធំៗ
– លទ្ធភាពនិស្សិតបញ្ចប់ការសិក្សាទទួលបានការងារជិត 90%
– និស្សិតដែលបញ្ចប់ការសិក្សា ជាធនធានដ៏មានតម្លៃបំផុត ពីព្រោះមិនត្រឹមតែចេះជំនាញតែមួយមុខទេ ប៉ុន្តែនិស្សិតថែមទាំងចេះភាសាអង់គ្លេស ជំនាញធុរកិច្ច និងប្រកបដោយ ក្រមសីលធម៌ និងគុណធម៌ថែមទៀតផង។
ជំនាញបណ្ដុះបណ្ដាល
PNC បណ្ដុះបណ្ដាលលើជំនាញ IT ចំនួនបួនសំខាន់ៗគឺ៖
1.Web Development បណ្ដុះបណ្ដាលលើមុខវិទ្យាសំខាន់ៗមួយចំនួនដូចជា៖
Programming : C, C++, C#, Java
Database: Access, SQL Server, MySQL
Content Management Systems (CMS): Joomla, Woodpress, PhpBB, OSCommerce, Pay pal
Web Technologies: XHTML&CSS, XML, Photoshop for Web, Flash with action script, Java script, PHP& MySQL, ASP .NET with C#
2.SNA (Systems & Networks Administration) បណ្ដុះបណ្ដាលលើមុខវិទ្យាសំខាន់ៗមួយចំនួនដូចជា៖
Computer Maintainance
Microsoft XP Professional
Microsoft Windows Server 2003
SLES (SuSE Linux Enterprise Server)
CISCO CCNA Discovery 1,2,3
3. បណ្ដុះបណ្ដាលលើវគ្គខ្លីៗផ្សេងៗទៀតដូចជា WCT (Wireless Communications Training) និងDEO (Data Entry Operator)។
ម្ចាស់ជំនួយ
ដោយសារតែ PNC គឺជាស្ថាប័នក្រៅរដ្ឋាភិបាល រាល់ដំណើរការប្រព្រឹត្តទៅគឺពឹងផ្អែកទៅលើម្ចាស់ជំនួយជាច្រើន ជាពិសេស Passerelles Numeriques ជាអ្នកស្វែងរកមូលនិធិធំជាងគេពីប្រទេសបារាំង និងហើយថែមទាំងមានដៃគូឧបត្ថម្ភជាច្រើនទៀតដូចជា៖ Microsoft, CESCO, Accenture, Steria, Xecs, ICB Europe, ICT: CAM, Econocom, Ernst & Young, Osiatis, ITC (សាលា Techno), SUPINFO, ស្ថានទូតបារំាងប្រចាំនៅកម្ពុជា, HP, IBM និងក្រុមហ៊ុនជាច្រើនទៀត។
ការទទួលស្គាល់គុណភាពពីបណ្ដាក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ៖
និយាយពីគុណភាពដែល PNC ផ្ដល់ទៅឲ្យនិស្សិត មិនចាញ់ស្ថាប័នឯកជនផ្សេងទៀតនោះទេ។ បច្ចុប្បន្នមានក្រុមហ៊ុន និងស្ថាប័នឯកជនជាង300នៅកម្ពុជាទទួលស្គាល់គុណភាព ជាពិសេសផ្ដល់ឱកាសដល់និស្សិតចុះ Intern និងទទួលយកនិស្សិតដែលបញ្ចប់ការសិក្សាពីសាលា ឲ្យបម្រើការងារនៅស្ថាប័នរបស់ខ្លួនថែមទៀតផង។ ស្ថាប័នទាំងនោះមានដូចជា អម្រឹតមីក្រូហិរញ្ញវត្ថុ, Angkor Gate Tour, Asia Form, AZ Communication, Blue Technology, Bophana Audiovisual Resource Center, Cmanet, Mfone, CMSC, ConicalHat, Digital Divide Data (DDD), Educatech, Europ Continents, First Cambodia, UN Food, Auram Systems/R.M. Asia, BAT, Caminfo Service, Camtech Computer, Chamroeun Microfinance Services, Chuan Wei, CMSC Network, Comin Khmer Conical Hat, DDD, Deam Computer, EDM, EZECOM, FAO, Friends International, Gatesway Communication, GERES, Graphic Roots, GRET, HR Inc, iOne Centre, Indochina Research, ITC, IT Global Computer, KhmerDev, Latelz, Ly Chhuong Construction & Import/Export, Manich, MD POS, Medicom, Microsoft MDP, MSF, NEOCOM Telecommuncation, Netpro Cambodia, Nokor IT, Online, OPENNET, Pepy, PSE, Resolvo, SCA, SI Group, Solaris International, TE AIK HONG, THAKRAL, Wicam, Yejj, Yellow Pages/Yoolk International, Nokia-KTH, Open Institute, Ogilvy Action Cambodia, NA Clinic, Hagar, HATTHA KAKSEKAR,, Allweb, IBM និងមានក្រុមហ៊ុនជាច្រើនទៀត។
គម្រោង Solidarity Act
គឺជាគម្រោងមួយ ដែលត្រូវបានបង្កើតឡើងក្នុងគោលដៅជំរុញឲ្យអតីតនិស្សិតដែលបាន បញ្ចប់ការសិក្សាហើយគ្រប់ជំនាន់ ចូលរួមចំណែកបង់ជាវិភាគទានដល់សាលាជារៀងរាល់ខែ។ មុនឆ្នាំ២០១១ការបង់ជាវិភាគទានធ្វើឡើងដោយការស្ម័គ្រចិត្ត ប៉ុណ្ណោះ តែចាប់ពីឆ្នាំ២០១១នេះទៅ និស្សិតមានកាតព្វកិច្ចបង់ដោយខានពុំបាន។
ការចូលរួមបង់ជាវិភាគទាននេះមានរយៈពេលបីឆ្នាំ ដោយក្នុងឆ្នាំទីមួយត្រូវបង់មួយខែ៥ដុល្លារ ឆ្នាំទីពីរត្រូវបង់មួយខែ១០ដុល្លារ ចំណែកឆ្នាំទីបីត្រូវបង់មួយខែ១៥ដុល្លារ។ ការបង់នេះទៀតសោតគឺធ្វើឡើងសម្រាប់តែនិស្សិតដែលបញ្ចប់ការសិក្សា ហើយមានការងារធ្វើទទួលបានប្រាក់ខែចាប់ពី១២០ដុល្លារឡើងតែ ប៉ុណ្ណោះ បើសិនមិនទាន់មានការងារធ្វើទេ មិនតម្រូវឲ្យបង់ឡើយ។ សរុបទាំងបីឆ្នាំគឺមានតម្លៃ៣៦០ដុល្លារ។ នៅពេលដែលបង់ចប់សព្វគ្រប់ហើយ បើសិនជានិស្សិតចង់ចូលរួមចំណែកបន្តអាចបង់ទៀតបាន។
ចំពោះថវិកាដែលទទួលបានពីគម្រោងនេះ ត្រូវបានយកមកជួយឧបត្ថម្ភដល់និស្សិតដែលកំពុងសិក្សា។
កម្មវិធី Internship
ដើម្បីបានសញ្ញាប័ត្រពីសាលានេះ និស្សិតតម្រូវឲ្យចុះ Intern។ Internship Program នេះមិនមែនឲ្យនិស្សិតស្វែងរកក្រុមហ៊ុនដោយខ្លួនឯងនោះទេ គឺសាលាជាអ្នកស្វែងរកដៃគូដែលជាស្ថាប័នឯកជន ឬបណ្ដាអង្គការក្រៅរដ្ឋាភិបាលមួយចំនួនឲ្យនិស្សិតចុះទៅធ្វើ កម្មសិក្សា។ កម្មវិធីចុះ Intern នេះបែងចែកខុសៗគ្នាទៅតាមជំនាញនីមួយៗ។
+ចំពោះ SNA (System & Networks Administration) ត្រូវចំណាយពេលចុះ Internចំនួនពីរដងគឺនៅចុងឆ្នាំទីមួយ និងចុងឆ្នាំទីពីរ។ នៅចុងឆ្នាំទីមួយ និស្សិតត្រូវចំណាយពេលបីខែ ចំណែកនៅចុងឆ្នាំទីពីរត្រូវចំណាយពេល៨ខែ ដោយនៅឆ្នាំទីពីរនេះ និស្សិតត្រូវចំណាយពេលចុះ Intern មួយសប្ដាហ៍ និងមករៀនមួយសប្ដាហ៍។
+ចំពោះ Web Developer ត្រូវចំណាយពេល៤ខែដោយសិក្សាជាមួយក្រុមហ៊ុនផ្ទាល់តែម្ដង។
ការចុះទៅ Internរបស់និស្សិតនេះ ត្រូវឆ្លងកាត់ការវាយតម្លៃពីក្រុមហ៊ុន។ ជាទូទៅ ចំពោះនិស្សិតដែលបានបញ្ចប់កម្មវិធីនៅតាមស្ថាប័នឯកជនហើយ ជិត៩០ភាគរយមានសមត្ថភាពអាចបំពេញការងារបាន ហើយមាននិស្សិតមួយចំនួនមានសមត្ថភាពលើសពីតម្រូវការទីផ្សារទៀតផង ។ ម្យ៉ាងវិញទៀត ចំពោះនិស្សិត ដែលមិនទាន់មានសមត្ថភាពអាចបំពេញការងារបាន សាលាត្រូវការបណ្ដុះបណ្ដាលបន្ថែមទៀត រហូតទាល់តែអាចបំពេញការងារបាន។
តំបន់ជ្រើសរើសនិស្សិត
PNC ធ្វើការជ្រើសរើសសិស្សដែលគ្មានលទ្ធភាពបន្តការសិក្សានៅមហា វិទ្យាល័យ ចេញពីបណ្ដាលខេត្តមួយចំនួន ដូចជា បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង ស្វាយរៀង តាកែវ កំពត កណ្ដាល កំពង់ស្ពឺ មណ្ឌលគិរី និងខេត្តជាច្រើនទៀត (សូមមើលផែនទីខាងក្រោម)។