Jurgen Klopp អ្នកចាត់ការថ្មីក្រុម Liverpool បានលើកឡើង បន្ទាប់ពីហង្សក្រហមស្មើ ១-១ ទល់នឹង Southampton នៅ Anfield កាលពីយប់មិញថា លោកសង្ឃឹមថា លោកមិនមែនជាមនុស្សតែម្នាក់ទេ ដែលជឿថា លទ្ធផលខកចិត្តនេះ មិនមែនជាទីបញ្ចប់នៃពិភពលោក។
ហង្សក្រហម ស្ទើរតែមានឱកាសយកបាន៣ពិន្ទុទៅហើយ បន្ទាប់ពី Christian Benteke តែត១គ្រាប់ នៅនាទី៧៧ ប៉ុន្តែបែរជាភ្លាត់បាល់ហ្វ្រីឃីត ធ្វើឲ្យ Sadio Mane មានឱកាសរកគ្រាប់តាមស្មើ ១-១ នៅចុងម៉ោងនាទី៨៧វិញ។
លទ្ធផលនេះ មានន័យថា អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះ ដឹកនាំ៣ប្រកួត ស្មើទាំង៣ប្រកួត ខណៈដែល Liverpool ស្មើដល់ទៅ៨ប្រកួត ក្នុងការប្រកួត៩លើកចុងក្រោយនេះ។
អតីតអ្នកចាត់ការក្រុម Borussia Dortmund រូបនេះ បាននិយាយថា៖ “រឿងរ៉ាវជាច្រើន ដែលខ្ញុំមើលឃើញនៅប្រកួតនេះ គឺក្រុមទាំង២ប្រយុទ្ធ ដើម្បីចង់បានលទ្ធផលឈ្នះដូចគ្នា ប៉ុន្តែពួកគេកម្លាំងពេញ ព្រោះគេលេង១សប្ដាហ៍តែ១ប្រកួត។ យើងនៅតែ១០នាទីទៀតប៉ុណ្ណោះ…ហើយខ្ញុំជឿថា កីឡាកររបស់យើង បានប្រើអស់កម្លាំងកាយហើយ តែខ្វះជំនឿចិត្ត។ កីឡាកររបស់យើង លេងខំណាស់ មានឆន្ទៈពេញ តែបន្ទាប់ពីភ្លាត់ឲ្យគេស៊ុតចូល១គ្រាប់ ពួកគេដូចមានអារម្មណ៍ថា វាជាទីបញ្ចប់នៃពិភពលោកនេះ”។
“វាមិនមែនជាទីបញ្ចប់នៃពិភពលោកទេ វាគ្រាន់តែជាគ្រាប់បាល់១គ្រាប់ ហើយអ្នកនឹងអាចរកបានមកវិញ។ នេះជាអ្វី ដែលយើងត្រូវតែយល់។ ខ្ញុំសង្ឃឹមថា ខ្ញុំមិនមែនជាមនុស្សតែម្នាក់ នៅក្នុងកីឡដ្ឋាននេះ ដែលជឿថា មិនមែនជាបញ្ចប់នៃពិភពលោកនេះ។ យើងនឹងអាចទទួលបានលទ្ធផលល្អវិញ និងលេងឲ្យបានល្អជាងនេះ”។ អ្នកចាត់ការវ័យ៤៨ឆ្នាំ បន្ថែម។
លទ្ធផលស្មើនេះ បានធ្វើឲ្យ Liverpool ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៩ និងមាន១៤ពិន្ទុ តាមពីក្រោយក្រុមលេខ៤ Manchester United ចំនួន៦ពិន្ទុ ខណៈដែលប្រកួតបន្ទាប់ នឹងត្រូវធ្វើដំណើរទៅប៉ះ Chelsea ទៀត៕