ក្លិប បាល់ទាត់ធំៗ៥ ទាំងនៅបារាំង អេស្ប៉ាញ និងអង់គ្លេស កំពុងតែត្រៀមប្រជែងគ្នាយ៉ាងខ្លាំង ដើម្បីចង់ទិញយក Eden Hazard ពីក្លិប Chelsea បន្ទាប់ពីឮដំណឹងថា តារាជម្រើសជាតិបែលហ្សិករូបនេះ ចង់ចាកចេញពីតោខៀវ។
កីឡាករវ័យ២៤ឆ្នាំ Hazard ត្រូវបានអ្នកចាត់ការ Jose Mourinho ដកចេញពីជម្រើសដំបូង កាលប៉ះ Aston Villa សប្ដាហ៍មុន ខណៈដែល Daily Star បានឲ្យដឹងថា នេះអាចជាមូលហេតុមួយ ធ្វើឲ្យកីឡាកររូបនេះ មិនសប្បាយចិត្ត ហើយបើ Chelsea មិនអាចបញ្ចប់ចំណាត់ថ្នាក់នៅ Top 4 រដូវកាលនេះទេ នោះប្រាកដណាស់ថា ម្ចាស់ពានកីឡាករល្អបំផុតនៅ Premier League រូបនេះ នឹងចាកចេញពី Stamford Bridge មែន។
ក្លិបធំៗអឺរ៉ុប៥ ដែលកំពុងតែចង់បាន Hazard មាន Paris Saint-Germain, Real Madrid, Barcelona, Manchester City និង Manchester United។
កាលពីថ្ងៃអាទិត្យម្សិលមិញ The Sun បានរាយការណ៍ថា PSG បានត្រៀម៧៥លានផោន ដើម្បីទិញយកតារាឆ្នើមរូបនេះ និងឲ្យថ្លៃឈ្នួលលើស២០០ពាន់ផោន ដែល Chelsea ផ្ដល់ឲ្យបច្ចុប្បន្ន ខណៈដែល Man City ក៏ជឿថា ពួកគេនឹងអាចលួងលោមកីឡាកររូបនេះបាន ព្រោះមានមិត្តរួមជាតិរបស់គេ Vincent Kompany និង Kevin De Bruyne កំពុងនៅមេឃខៀវដែរ។
រីឯ Real ចង់បាន Hazard យូរហើយ ខណៈដែល Barca នឹងអាចមានសិទ្ធទិញចូលកីឡាករវិញ ចាប់ពីខែមករា ដូច្នេះពួកគេនឹងអាចទិញយកតារាឆ្នើមរូបនេះ ទៅពង្រឹងក្រុមឲ្យខ្លាំង១កម្រិតទៀត។
ចំណែកឯបិសាចក្រហម Man Utd ក៏កំពុងតែតាមមើលស្ថានការណ៍ Hazard ដែរ ខណៈដែលអនុប្រធាននាយកប្រតិបត្តិ Ed Woodward ធ្លាប់លើកឡើងថា Man Utd នឹងចំណាយធំទៀត នៅរដូវក្ដៅឆ្នាំក្រោយ ហើយ Super Star របស់បែលហ្សិករូបនេះ គឺជាគោលដៅធំ៕