ថ្មីៗ នេះក្រុមហ៊ុនហុងដាទើបតែបានប្រកាសជាផ្លូវការនូវម៉ូតូស៊េរី ថ្មីចំនួនបួនម៉ូដែលរបស់ខ្លួន នៅក្នុងពិព័រណ៍ American International Motorcycle Expo ដែលធ្វើឡើងក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ ម៉ូតូទាំងបួនម៉ូដែលនោះមានដូចជា CBR300R សេរីឆ្នាំ ២០១៦, CBR500R សេរីឆ្នាំ ២០១៦, CBR600RR សេរីឆ្នាំ ២០១៦ និង CBR1000RR សេរីឆ្នាំ ២០១៦។
CBR300R សេរីឆ្នាំ ២០១៦
Honda CBR300R គឺជាប្រភេទម៉ូតូស្ព័រទំនើបមួយដែលត្រូវបានរចនាឡើងយ៉ាងទំនើប ទាំងរូបរាង និងសមត្ថភាពខ្លាំង។ ប្រភេទម៉ាស៊ីនស៊ីឡាំងរបស់វាត្រូវបានបំពាក់យ៉ាងសមស្របទៅនឹង តួម៉ូតូ ផ្ដល់ភាពងាយស្រួលក្នុងពេលជ្រែងជើងឈប់សម្រាប់អ្នកជិះ។ មិនត្រឹមតែប៉ុណ្ណោះ វាត្រូវបានផលិតឡើងដោយបំពេញតម្រូវការក្នុងការបើកបរទាំងប្រភេទ ផ្លូវធំៗ និងផ្លូវក្នុងក្រុងផ្សេងៗទៀត។ បន្ថែមទៀតនោះ វាក៏បានភ្ជាប់មកជាមួយនឹងមុខងារសំចៃសាំងផងដែរ។ ចំពោះតម្លៃរបស់វាគឺប្រហែលជា ៤ ៣៩៩ ទៅ ៤ ៨៩៩ ដុល្លារសហរដ្ឋអាមេរិក។
CBR500R ស៊េរីឆ្នាំ ២០១៦
ជាមួយនឹងវត្តមានម៉ូតូស៊េរីមួយទៀតដែលក្រុមហ៊ុនហុងដាទើបបាន បង្ហាញនោះមានឈ្មោះថា CBR500R ស៊េរីឆ្នាំ ២០១៦។ CBR500R ស៊េរីថ្មីនេះក៏ត្រូវបានរចនាឡើងយ៉ាងទំនើបផងដែរ ហើយវាក៏ត្រូវបានកែប្រែទៅលើបូមមុខ ស៊ីទែនសាំងធំជាងស៊េរីមុន និងប្រព័ន្ធហ្វ្រាំងថែមទៀតផង។ ចំពោះតម្លៃវិញគឺពុំទាន់បានប្រកាសនៅឡើយនោះទេ។
CBR600RR ស៊េរីឆ្នាំ ២០១៦
ចំណែកឯ Honda CBR600R ស៊េរីឆ្នាំ ២០១៦ នេះវិញ ក៏ត្រូវបានរចនាត្រឡប់មកវិញជាមួយនឹងពណ៌ខ្មៅឆ្នូតសស្រស់ស្អាត បូករួមទាំងបានបង្កើននូវគុណភាព និងការរចនាថ្មីទៅលើដៃចង្កូត, ល្បឿនម៉ាស៊ីន ក៏ដូចជាទំហំម៉ាស៊ីនផងដែរ។ ម៉ូតូស្ព័រស៊េរីថ្មីមួយនេះត្រូវបានផលិតឡើងដើម្បីបំពេញតាម តម្រូវការសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ CBR600R ស៊េរីឆ្នាំ ២០១៦ នេះមានតម្លៃប្រមាណជា ១១ ៤៩០ ដុល្លារ ទៅ ១២ ៤៩០ ដុល្លារសហរដ្ឋអាមេរិក។
CBR1000RR ស៊េរីឆ្នាំ ២០១៦
ក្រៅពីបីម៉ូដែលខាងលើ ក្រុមហ៊ុនហុងដាក៏បានបង្ហាញម៉ូតូស្ព័រមួយម៉ូដែលទៀតគឺ Honda CBR1000RR សេរីឆ្នាំ ២០១៦។ CBR1000RR សេរីថ្មីមួយនេះត្រូវបានបំពាក់ដោយម៉ាស៊ីនស៊ីឡាំង ៤ កម្លាំង ៩៩៩ សេសេ , ប្រព័ន្ធអាំប្រាយ៉ា ជាមួយនឹងបច្ចេកវិទ្យា ASC យ៉ាងទំនើប។
ចំពោះតម្លៃវិញសម្រាប់ម៉ូដែលធម្មតាត្រូវបានដាក់លក់ក្នុង តម្លៃប្រហែលជា ១៣ ៩៩៩ ដុល្លារសហរដ្ឋអាមេរិក។ ចំណែកឯម៉ូដែល SP ដែលបំពាក់ដោយបូមមុខប្រភេទ Ohlins, ហ្វ្រាំងប្រភេទ Brembo និងសំបកកង់ប្រភេទ Pirelli Diablo Supercorsa SC គឺមានតម្លៃប្រហែលជា ១៧ ២៩៩ ដុល្លារសហរដ្ឋអាមេរិក៕