កាល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ Luis Suarez បានបង្ហាញខ្លួនចូលលេងឲ្យក្រុម Barcelona លើកដំបូង បន្ទាប់ពីការពិន័យ កាលខាំដៃគេនៅ World Cup បញ្ចប់។ ១ឆ្នាំកន្លងទៅនេះ កីឡាករជម្រើសជាតិអ៊ុយរុយហ្គាយ ស៊ុតឲ្យអ្នកមានបុណ្យបាន៣៥គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប៥៦ប្រកួត និងឈ្នះពានរង្វាន់៤ រួមមាន La Liga, UEFA Champions League, Copa del Rey និង UEFA Super Cup។
ខាងក្រោមនេះ គឺជារឿងអស្ចារ្យ១០យ៉ាង របស់អតីតតារាឆ្នើមក្រុម Liverpool រូបនេះ បន្ទាប់ពីលេងឲ្យ Barca រយៈពេល១ឆ្នាំ៖
១. បង្ហាញខ្លួនដំបូងនៅកីឡដ្ឋាន Santiago Bernabéu (២៥/១០/១៤)៖
ក្រោយការពិន័យរបស់ FIFA បញ្ចប់ ប្រកួតដំបូងរបស់ Suarez គឺប៉ះ Real Madrid ក្នុងជំនួប Clásico ខណៈដែលរូបគេ Assist ឲ្យ Neymar ស៊ុតចូល១គ្រាប់នាំមុខ ១-០ តែត្រូវ Real វាយបក៣គ្រាប់វិញ ធ្វើឲ្យអ្នកមានបុណ្យចាញ់ ៣-១។ Suarez លេងបាន៧០នាទី។
២. ស៊ុតគ្រាប់ដំបូងប៉ះ Nicosia (២៥/១១/១៤)៖
រយៈពេល១ខែបន្ទាប់ពីចូលលេង Suarez ស៊ុតគ្រាប់ដំបូងឲ្យ Barca ពេលប៉ះ APOEL Nicosia ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុតាមពូល។ Suarez ជាអ្នកស៊ុតគ្រាប់ដំបូង និងជួយឲ្យអ្នកមានបុណ្យ ឈ្នះ ៤-០។
៣. រូបភាពមិនអាចបំភ្លេចបាន (១១/០១/១៥)៖
ការលេងសហការគ្នាយ៉ាងល្អ របស់ Suarez, Neymar និង Lionel Messi បានជួយឲ្យ Barca យកឈ្នះលើ Atlético Madrid ៣-១ ក្នុងការប្រកួតលីក ខណៈដែលពួកគេទាំង៣នាក់ រត់អបអរកៀកស្មាគ្នាយ៉ាងរីករាយ។ តារាឆ្នើមទាំង៣នាក់នេះ ស៊ុតសរុប១២២គ្រាប់ជាប់កំណត់ត្រា កាលរដូវកាល២០១៤/១៥។
៤. ស៊ុតក្បាច់កន្ត្រៃហោះកាលប៉ះ Levante (១៥/០២/១៥)៖
គ្រាប់បាល់ដ៏អស្ចារ្យក្បាច់កន្ត្រៃហោះរបស់ Suarez ដែលគេចាត់ទុកថា ជាគ្រាប់បាលដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រក្លិប Barcelona នោះ កើតឡើងនៅនាទី៧២ ក្នុងការប្រកួតលីក La Liga សប្ដាហ៍ទី២៣ ទល់នឹង Levante និងជាគ្រាប់ជ័យជម្នះទី៥ របស់ Barca នៅកីឡដ្ឋាន Camp Nou។
៥. ស៊ុតគ្រាប់ជ័យជម្នះ Clásico (២២/០៣/១៥)៖
Suarez ស៊ុតគ្រាប់ជ័យជម្នះនៅនាទី៥៤ ជួយ Barca ឈ្នះ Real Madrid ២-១ នៅ Camp Nou បន្ទាប់ពីការបញ្ជូនដ៏ល្អពី Dani Alves។
៦. ស៊ុតបំបាក់ PSG នៅ Parc des Princes (១៦/០៤/១៥)៖
រឿងអស្ចារ្យរបស់ Suarez ដែលមិនអាចបំភ្លេចបានមួយនោះ គឺការស៊ុត PSG ២គ្រាប់នៅនាទី៦៧ និង៧៩ ជួយឲ្យ Barca ឈ្នះ ៣-១ ក្នុងការប្រកួត UEFA Champions League ជើងទី១ វគ្គ៨ក្រុមចុងក្រោយ។
៧. ស៊ុតហ៊ែតទ្រីកលើកដំបូង (០៥/០២/១៥)៖
ហ៊ែតទ្រីកលើកដំបូងរបស់ Suarez កើតឡើងតាំងពីរដូវកាលមុន កាលប៉ះ Córdoba ដែល Barca ឈ្នះ ៨-០ ហើយក៏ជាការស៊ុតហ៊ែតទ្រីកតែ១ដងគត់ របស់កីឡាកររូបនេះដែរ។
៨. ស៊ុតគ្រាប់នៅពានកំពូលអឺរ៉ុប វគ្គផ្ដាច់ព្រ័ត្រ (០៦/០៦/១៥)៖
Suarez បានក្លាយជាកីឡាករម្នាក់ ដែលជួយបង្កើតប្រវត្តិសាស្ត្រក្លិប Barcelona បន្ទាប់ពីស៊ុតចូល១គ្រាប់ជួយឲ្យ Barca ឈ្នះ Juventus ២-១ នៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ខណៈដែល Neymar ជាអ្នកស៊ុតគ្រាប់ទី២។
៩. នៅតែរកគ្រាប់បាន និងបន្តឈ្នះ (១១/០៨/១៥)៖
Suarez ចាប់ផ្ដើមរដូវកាលថ្មី ២០១៥/១៦ បានយ៉ាងល្អទៀត ដោយបានស៊ុតចូលទី១គ្រាប់ ជួយឲ្យ Barca ឈ្នះ Sevilla ៥-៤ និងលើកពាន UEFA Super Cup ថែមទៀត។
១០. ជាប់បេក្ខភាព២៣នាក់ Ballon d’Or (២០/១០/១៥)៖
ថ្មីៗនេះ FIFA ទើបតែប្រកាសឈ្មោះបេក្ខភាព២៣នាក់ ដែលនឹងឈ្នះពានរង្វាន់កីឡាករល្អបំផុតលើលោក Ballon d’Or ប្រចាំឆ្នាំ២០១៥ ហើយក្នុងចំណោម២៣នាក់នោះ ក៏មាន Suarez ម្នាក់ដែរ ជាមួយនឹងមិត្តរួមក្រុមរបស់គេជាច្រើននាក់ទៀតដូចជា Messi, Neymar, Javier Mascherano, Andrés Iniesta និង Ivan Rakitic៕
គ្រាប់បាល់អស្ចារ្យបំផុតរបស់ Suarez ទាំង៥គ្រាប់ សូមទស្សនាខាងក្រោម៖