កន្លង មក Notification Tab របស់កម្មវិធី Facebook គឺមានភាពសាមញ្ញ ដោយបង្ហាញពីសកម្មភាពដែលពាក់ព័ន្ធនឹងអ្នកប្រើប្រាស់ ដូចជាការ Comment, Like និងរំឭកពីថ្ងៃកំណើតជាដើម។
ជាមួយនឹងការ Update ថ្មីដែលក្រុមហ៊ុន Facebook បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញនេះ Notification លើកម្មវិធី Facebook នឹងមានបង្ហាញពីរឿងរាវដែលអ្នកអាចនឹងចាប់អារម្មណ៍មួយចំនួនមាន ដូចជា ការព្យាករណ៍អាកាសធាតុ និង ព័ត៌មានដែលកំពុងក្ដៅគគុកក្នុងតំបន់របស់អ្នក។ អ្នកគ្រប់គ្រងផ្នែកផលិតផលលោក Keith Peiris បានលើកឡើងពីមូលហេតុនៃការ Update ថ្មីនេះថា គឺដោយសារអ្នកប្រើប្រាស់ជាច្រើនចង់ឲ្យ Facebook បន្ថែមព័ត៌មានសំខាន់ៗជាច្រើនទៀតនៅលើទីតាំង Notification Tab នេះតែមួយ។
លម្អិតបន្ថែមអំពីដំណើរការនៃ Notification Tab នេះគឺវាអាចបង្ហាញព័ត៌មានជាច្រើនដែលរួមមាន លទ្ធផលនៃការប្រកួតកីឡា បង្ហាញពីកាលវិភាគកម្មវិធីទូរទស្សន៍ដោយផ្អែកលើ Page ដែលអ្នកបាន Like។ មួយវិញទៀតប្រសិនបើអ្នកឲ្យ Facebook ដឹងពីទីតាំងរបស់អ្នក នោះ Tab នឹងអាចបង្ហាញពីស្ថានភាពធាតុអាកាសនៅក្នុងតំបន់អ្នក រួមជាមួយព័ត៌មានក្នុងស្រុកទាន់ហេតុការណ៍ ពេលវេលាបញ្ចាំងខ្សែភាពយន្ត និង កន្លែងញ៉ាំអាហារផងដែរ។
គួរបញ្ជាក់ថា ការ Update ថ្មីនេះចាប់ដំណើរការតាំងពីថ្ងៃចន្ទម្សិលមិញមកម្ល៉េះ ប៉ុន្តែការដំណើរការលើកដំបូងគឺសម្រាប់តែអ្នកប្រើប្រាស់ Facebook លើទូរសព្ទ Android និង iOS នៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ឯតំបន់ដទៃទៀតនឹងដំណើរការនាពេលក្រោយជាបន្តបន្ទាប់៕