ក្រុមហ៊ុន Microsoft ទើបតែបានបញ្ចេញនូវកំពូល Laptop របស់ខ្លួនជាលើកដំបូងនៅថ្ងៃអង្គារ ទី៦នេះ ដោយខ្លួនបានអះអាងថា Surface Book ដែលទើបតែប្រកាសនេះគឺជាកុំព្យូទ័រដែលមានល្បឿនលឿនបំផុត។ មិនត្រឹមតែប៉ុណ្ណោះខ្លួនក៏បានឲ្យដឹងផងដែរថា កុំព្យូទ័រនេះគឺមានល្បឿនលឿនជាងកុំព្យូទ័រ MacBook Pro ដល់ទៅពីរដងឯណោះ។
ទាក់ទងទៅនឹងការអះអាងដូចនេះ តើ Surface Book ពិតជាខ្លាំងជាងកុំព្យូទ័ររបស់ Apple មែនដែរឬទេ? តោះទៅមើលការប្រៀបធៀបទាំងអស់គ្នាថា មានអ្វីខុសគ្នាខ្លះ?
កម្រិតបង្ហាញ
ជាមួយនឹងវត្តមាន Laptop ជាលើកដំបូងរបស់ខ្លួន Microsoft បានផ្ដោតសំខាន់ទៅកម្រិតបង្ហាញឲ្យកាន់តែច្បាស់។ Surface Book បំពាក់ដោយអេក្រង់ទំហំ ១៣,៥ អ៊ីញ ភ្ជាប់ដោយកម្រិត Resolution 3,000 x 2,000 Pixel ស្មើរនឹងដង់ស៊ីតេ 267ppi។ ចំណែក MacBook Pro អេក្រង់ Retina របស់ Apple សម្រាប់ទំហំ ១៣ អ៊ីញ មានកម្រិត Resolution ត្រឹមតែ 2,560 x 1,600 Pixel ស្មើនឹងដង់ស៊ីតេ 232ppi តែប៉ុណ្ណោះ។
Surface Book ស្រាលជាង ប៉ុន្តែក្រាស់ជាង និងអាចផ្ដាច់ចេញពីគ្នាបាន
Surface Book
MacBook Pro អេក្រង់ Retina display គឺមានកម្រាស់ត្រឹមតែ ១៨ម.ម តែប៉ុណ្ណោះ។ ដោយឡែកបើប្រៀបធៀបជាមួយនឹង Surface Book កុំព្យូទ័រ MacBook Pro គឺស្ដើងជាងដោយ Surfaceb Book គឺមានកម្រាស់ដល់ទៅ ២៣ ម.ម។ បើទោះបីជា Surface Book ក្រាស់ជាងមែន ប៉ុន្តែវាអាចផ្ដាច់អេក្រង់ចេញពី Keyboard នឹងអាចប្រើជា Tablet បាន។ អ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតនោះ ថ្វីត្បិតតែមានកម្រាស់ ក្រាស់ជាងមែន ប៉ុន្តែវាមានទម្ងន់ស្រាលជាងដោយ Surface Book មានទម្ងន់ត្រឹមតែ ១,៥១ គីឡូក្រាម ចំណែកឯ MacBook Pro មានទម្ងន់ដល់ទៅ ១,៥៨ គីឡូក្រាម។
ល្បឿន
Surface Book
ទាំង Surface Book និង MacBook Pro អេក្រង់ Retina បំពាក់ដោយ CPU ប្រភេទ Intel Core i5 និង i7 ជំនាន់ទី ៦ , ទំហំ RAM 16GB និងមានម៉េមូរីរហូតដល់ 1TB ដូចគ្នា។ ប៉ុន្តែក្រាហ្វិកខុសគ្នា។
MacBook Pro អេក្រង់ Retina ១៣ អ៊ីញភ្ជាប់ដោយក្រាហ្វិក Iris Graphics 6100 របស់ Intel។ ចំណែកឯ Surface Book គឺបំពាក់ដោយ Intel HD Graphic 520 និងមាន GPU ផ្សេងមួយទៀតនៅលើផ្នែក Keyboard គឺប្រភេទ Nvidia GeForce ជាមួយនឹង RAM ប្រភេទ GDDR5 ។ តាមរយៈលក្ខណៈសម្បត្តិនេះអាចបង្ហាញថា Surface Book ទំនងជាមានល្បឿនលឿនជាង។
Surface Book មានថាមពលថ្មយូរជាង
យោងតាមលក្ខណៈសម្បត្តិដែលបញ្ជាក់ដោយ Microsoft កម្រិតថាមពលថ្មរបស់ Surface Book គឺអាចប្រើបានដល់ទៅ ១២ម៉ោង។ ដោយឡែក MacBook Pro អេក្រង់ Retina អាចប្រើបានតែ ១០ ម៉ោងប៉ុណ្ណោះ។
រន្ធភ្ជាប់
កុំព្យូទ័រ Laptop ទាំងពីរម៉ូដែលនេះគឺមានជម្រើសនៃភ្ជាប់យ៉ាងសម្បូរបែប។ Surface Book មានរន្ធ USB 3.0 ចំនួនបី, រន្ធ Mini Display មួយ និងរន្ធដោត microSD ចំនួនមួយផងដែរ។ ចំណែកឯ MacBook គឺមានរន្ធ USB 3.0 ចំនួនពីរ ប៉ុន្តែមានរន្ធ SDXC ។ បន្ថែមទៀតនោះ MacBook Pro មានរន្ធ HDMI និង រន្ធ Thunderbolt 2។ ចំពោះកាមេរ៉ា Surface Book គឺមានទំហំ 5MP ខណៈ MacBook Pro មានកាមេរ៉ាប្រភេទ 720p FaceTime HD។
ភាពខុសគ្នារវាងប្រព័ន្ធប្រតិបត្តិការ
Surface Book
ទាក់ទងប្រព័ន្ធប្រតិបត្តិការគឺខុសគ្នាដាច់ស្រឡះ ដោយ Surface Book របស់ក្រុមហ៊ុន Microsoft គឺដំណើរការដោយ Windows 10 ។ កុំព្យូទ័រ MacBook Pro អេក្រង់ Retina របស់ Apple វិញដំណើរការលើដោយ Mac OS X El Capitan។
តម្លៃ
MacBook Pro អេក្រង់ Retina
ចំពោះតម្លៃវិញគឺ MacBook Pro អេក្រង់ Retina គឺទាបជាង Laptop របស់ Microsort ដោយតម្លៃត្រឹមតែ ១ ៣០០ ដុល្លារ ខណៈដែល Surface Book ពី ១៥០០ ដុល្លារ។ ដោយតម្លៃនេះគឺផ្ដោតទៅលើម៉ូដែលដែលមានទំហំម៉េមូរី 128GB , CPU Intel i5 និង RAM 8GB ដូចគ្នា។