ត្រឡប់ ពីរបួសរយៈពេលវែង Arjen Robben ចូលលេងប្រកួតដំបូង និងស៊ុតបញ្ចូលទី១គ្រាប់ ជួយឲ្យ Bayern ឈ្នះលើកទី១០០០ នៅ Bundesliga ក្រោយបំបាក់ Cologne ៤-០ នៅ Allianz Arena កាលពីយប់មិញ។
ក្រុមរបស់លោក Pep Guardiola បាននាំមុខ១០ពិន្ទុដាច់ ពីក្រុមលេខ២ Borussia Dortmund និងសង្ឃឹមលើកពានលីកកំពូលអាល្លឺម៉ង់មួយនេះសម្រាប់រយៈពេល៤ ឆ្នាំជាប់ៗគ្នា។
៤គ្រាប់របស់ Bayern យប់មិញនេះ រកបានដោយតារាឆ្នើម Robben នាទី៣៥, Arturo Vidal នាទី៤០, Robert Lewandowski នាទី៦២ និង Thomas Muller ស៊ុតបាល់ពិន័យ១១ម៉ែត្រ នាទី៧៧។
Robben បានអវត្តមាន ៧សប្ដាហ៍មកហើយ ដោយសាររបួសភ្លៅ តាំងពីប្រកួតឲ្យជម្រើសជាតិហុល្លង់ ទល់នឹងអ៊ីស្លង់ កាលខែមុន។
ដើម្បីជាការអបអរសាទរ ជ័យជម្នះលើកទី១០០០ នៅ Bundesliga នេះ ក្រុមម្ចាស់ជើងឯក Bayern ក៏បានផ្ដល់រង្វាន់លើកទឹកចិត្តដល់អ្នកគាំទ្រ ដោយឲ្យអ្នកគាំទ្ររបស់ខ្លួនទាំងអស់ ញ៉ាំស្រាបៀរហ្វ្រីហ្វ្រីផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖