Sabay ធ្លាប់បានណែនាំតំបន់កម្សាន្តនៅក្រៅប្រទេស ជាច្រើនមកហើយ ដែលមានដូចជា ឥណ្ឌូនេស៊ី កូរ៉េ ម៉ាឡេស៊ី និង សិង្ហបុរី ជាដើម។ ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តទៅស្គាល់តំបន់កម្សាន្តសំខាន់ៗនៃ ប្រទេសថៃវិញម្ដង។ យោងតាមមគ្គុទ្ទេសក៍ របស់ក្រុមហ៊ុន Suwan Inter Tour បានឱ្យដឹងថា ១០ កន្លែងខាងក្រោម ជាតំបន់ទេសចរណ៍ដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរដែល មកលេងប្រទេសថៃ។
១. ព្រះបរមរាជវាំង
ស្ថិតក្នុងទីក្រុងបាងកក ជាព្រះរាជដំណាក់របស់ព្រះមហាក្សត្រថៃ ព្រមទាំងមានវត្ថុស័ក្ដិសិទ្ធិជាច្រើនផងដែរ។
២. ឆ្នេរប៉ាតាយ៉ា
ស្ថិតក្នុងខេត្តឈុនបូរីឆ្នេរដ៏ល្បីដែលភ្ញៀវទេសចរណ៍រង់ចាំមើល ថ្ងៃលិច។
៣. ភ្នំមាស (Golden Mountain) ឬ ភ្នំសាកេត
ភ្នំនេះស្ថិតក្នុងទីក្រុងបាងកក។ កាលណានិយាយពីប្រទេសថៃ គេតែងនឹកឃើញដល់ភ្នំមាសនេះ ព្រោះកន្លែងនេះ ជានិមិត្តរូបតំណាងប្រទេសថៃ។
៤. វត្តសុថាត់
ស្ថិតក្នុងទីក្រុងបាងកកដែរ វត្តសុថាត់ជាវត្តដែលប្រជាជនថៃនិយមបន់ស្រន់សុំពរ និង ជឿថាស័ក្ដិសិទ្ធិ។
៥. China Town
ស្ថិតក្នុងទីក្រុងបាងកកដដែល ជាផ្សារសម្បូរទៅដោយ ហាងលក់ទំនិញ និងអាហារចិន ជាពិសេសប្រជាជនចិនដែលទៅលេងប្រទេសថៃកម្ររំលងទីនោះណាស់។
៦.ផ្សាររាត្រី Asia tique
ស្ថិតក្នុងទីក្រុងបាងកក ភ្ញៀវទេសចរណ៍អាចជិះរថយន្ត ឬមួយក៏ជិះទូកដោយឥតគិតថ្លៃតាមដងទន្លេចៅផ្រះយ៉ាឆ្ពោះទៅទី នោះ។ នៅទីនោះមានតូបលក់ឥវ៉ាន់និងភោជនីយដ្ឋានអឺរ៉ុបជាច្រើន បើកដំណើរការចាប់ពីម៉ោង៥ល្ងាច ដល់១២ យប់។ មិនតែប៉ុណ្ណោះ គេក៏និយមជិះកន្ត្រកវិល Mekhong ដែលអាចមើលឃើញ ទេសភាពទីក្រុងបាងកកទាំងមូលនៅពេលយប់ផងដែរ។
៧. រមណីយដ្ឋាន ណុងនោច (Nong Noch)
ស្ថិតនៅ ក្នុងខេត្តឈុនបូរី ជារមណីយដ្ឋានកែច្នៃ មានសួនសត្វ និង ការសម្ដែងសិល្បៈរបស់ ដំរី និង ល្ខោនបុរាណ។
៨. ព្រះមាស
ស្ថិតក្នុងខេត្តឈុនបូរីដដែល មាសត្រូវបានគេស្លយកទៅចាក់លើថ្មភ្នំ ចេញជារូបព្រះពុទ្ធ និងយាមកាម ដោយទាហានថៃ។
៩. សួនសាយ៉ាម ( Siam Park)
ជាសួនកម្សាន្តកែច្នៃស្ថិតក្នុងទីក្រុងបាងកក មានដូចជាឧបករណ៍ជិះកម្សាន្ត ផ្ទះខ្មោច សួនដាយណូស័រសិប្បនិម្មិត សារមន្ទីឆ្អឹងដាយណូរស័រ សួនសត្វសិប្បនិម្មិត និង សួនទឹក។
១០. ពិភពបាតសមុទ្រ
ស្ថិតនៅក្នុងខេត្តឈុនបូរីជាអាងចិញ្ចឹមត្រីធំៗជាច្រើន អាចឱ្យភ្ញៀវទេសចរណ៍ ចូលទស្សនាពីខាងក្រោមបាន។