Lionel Messi តារាឆ្នើមក្រុម FC Barcelona និងប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន កំពុងតែប្រឈមនឹងកាត់ទោស ជាមួយនឹងឪពុករបស់ខ្លួន រឿងគេចពន្ធ ដែលអាចនឹងជាប់ពន្ធនាគារ ដល់ទៅ២២ខែឯណោះ។
កាលពីប៉ុន្មានថ្ងៃមុន មានការលើកឡើងថា ក្រុមព្រះរាជអាជ្ញារបស់អេស្ប៉ាញ បានសម្រេចលើកលែងការចោទប្រកាន់លើបញ្ហាគេចមិនបង់ពន្ធរបស់កីឡាករ Messi ហើយ និងនៅស៊ើបអង្កេតលើករណីឪពុក Messi តែប៉ុណ្ណោះ។ ប៉ុន្តែកាលពីយប់មិញនេះ ក្រុមចៅក្រម បានបដិសេធការលើកឡើងរបស់ព្រះរាជអាជ្ញា និងបន្ថែមថាកីឡាករវ័យ២៨ឆ្នាំរូបនេះ មិនអាចរួចខ្លួនទេ ពោលគឺនឹងត្រូវប្រឈមមុខនឹងច្បាប់ដូចគ្នា ជាមួយឪពុករបស់គេ លោក Jorge Messi។
Messi និងឪពុក នឹងត្រូវឡើងតុលាការព្រមគ្នា ដើម្បីបំភ្លឺរឿងនេះ ហើយបើចៅក្រមស្វែងរកឃើញថា ពិតជាបានប្រព្រឹត្តិកំហុសឆ្គងមែននោះ ម្ចាស់ពាន Ballon d’Or ៤សម័យកាលរូបនេះ នឹងត្រូវជាប់ពន្ធនាគារ ២២ខែ។
រំលឹកផងដែរថា Messi និងឪពុក បានរងការចោទប្រកាន់ពីបទបន្លំមិនបង់ពន្ធឲ្យអាជ្ញាធរអេស្ប៉ាញ ដែលមានតម្លៃទឹកប្រាក់ប្រមាណ ៥លានដុល្លារអាមេរិក។ ក្រុមព្រះរាជអាជ្ញាចោទប្រកាន់ លោក Jorge និងកីឡាករក្រុម Barca ថាបានគេចមិនបង់ពន្ធលើប្រាក់ចំណូល កាលពីចន្លោះឆ្នាំ២០០៧ និង២០០៩៕