ក្រុមម្ចាស់ការពារតំណែងជើងឯក Chelsea បានធ្លាក់ចេញពី League Cup ត្រឹមវគ្គ១៦ក្រុមចុងក្រោយបន្ទាប់ពីចាញ់ Stoke City ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ ក្រោយបញ្ចប់លទ្ធផល ១-១ នៅម៉ោងបន្ថែម១៥នាទី២ដង ខណៈដែល Eden Hazard ជាអ្នកទាត់ប៉េណាល់ទីអត់ចូលគ្រាប់ចុងក្រោយ។ រីឯខ្សែប្រយុទ្ធ Diego Costa បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
ក្រុមទាំង២នេះ នៅតង់ទី១បញ្ចប់លទ្ធផល ០-០ ប៉ុន្តែចូលដល់តង់ទី២ ទើប Jonathan Walters ស៊ុតកាប់ឲ្យម្ចាស់ផ្ទះ Stoke នាំមុខនៅនាទី៥២ ប៉ុន្តែត្រូវបាន Loic Remy ស៊ុតតាមស្មើ ១-១ វិញនៅនាទី៩០+១ មុនពេល Phil Bardsley របស់ Stoke ទទួលកាតក្រហមនៅចុងម៉ោង។ ទោះម្ចាស់ផ្ទះសល់គ្នាតែ១០នាក់ ក៏តោខៀវមិនអាចធ្វើអ្វី Stoke បានដែរ នៅម៉ោងបន្ថែម១៥នាទី២ដង។
បន្ទាប់ពីបញ្ចប់លទ្ធផល ១-១ ក្រុមទាំង២ ត្រូវទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ដើម្បីរកក្រុមទទួលបានជ័យជម្នះឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ Stoke ស៊ុត៥គ្រាប់ចូលទាំង៥ ខណៈដែល Charlie Adam, Peter Odemwingie, Xherdan Shaqiri, Marc Wilson, Marko Arnautovic ជាអ្នកធ្វើបានសម្រេច។ រីឯ Chelsea វិញ ស៊ុតចូលតែ៤គ្រាប់ទេ ដែលស៊ុតដោយ Willian, Oscar, Loic Remy, Kurt Zouma ខណៈដែល Super Star របស់ក្រុម Hazard ស៊ុតអត់ចូល ក្រោយ Jack Butland សង្គ្រោះបាន។
ចំណែកខ្សែប្រយុទ្ធ Costa បានដូរចេញនៅនាទី៣២ ក្រោយរងរបួសទ្រូងធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយកីឡាកររូបនេះ នឹងអាចអវត្តមានពីការប្រកួតដ៏សំខាន់ ប៉ះ Liverpool នៅចុងសប្ដាហ៍នេះ។
លទ្ធផលបរាជ័យនេះមានន័យថា Chelsea នៅតែគ្មានប្រវត្តិឈ្នះ Stoke City នៅ League Cup ដដែល ដោយ៨ប្រកួត Stoke ឈ្នះ៥ និងស្មើ៣៕