ក្លិប Barcelona កំពុងត្រៀមពង្រីកកិច្ចសន្យារបស់ខ្លួនជាមួយនឹងខ្សែប្រយុទ្ធ Lionel Messi ដែលកុងត្រាថ្មីនេះ មានន័យថាកីឡាករជម្រើសជាតិអាហ្សង់ទីន នឹងលេងនៅកីឡដ្ឋាន Nou Camp រហូតដល់ថ្ងៃបញ្ចប់អាជីពចូលនិវត្តន៍តែម្ដង។ នេះបើតាមកាសែតអេស្ប៉ាញ Sport។
ម្ចាស់ពានរង្វាន់ FIFA Ballon d’Or ៤សម័យកាល គឺជាកីឡាករដែលមានចំណូលច្រើនជាងគេរួចហើយនៅក្លិប Barca បច្ចុប្បន្ននេះ ប៉ុន្តែបើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា Barcelona ចង់ឲ្យកីឡាករឆ្នើមរូបនេះបន្តកុងត្រាថ្មីទៀត រហូតដល់បញ្ចប់អាជីពរបស់គេទៀត។
Messi នៅជាប់កុងត្រាជាមួយអ្នកមានបុណ្យ៣ឆ្នាំទៀត ដែលកុងត្រាចាស់របស់កីឡាករវ័យ២៨ឆ្នាំរូបនេះ នឹងអស់សុពលភាពនៅបញ្ចប់រដូវកាល២០១៧/១៨។ រីឯតម្លៃទិញផ្ដាច់កុងត្រារបស់គេគឺ ២៥០លានអឺរ៉ូ ខណៈដែលកីឡាកររូបនេះ ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំ២០លានអឺរ៉ូ។
បើតាម Sport បានឲ្យដឹងថា Super Star របស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ ចង់នៅ Nou Camp បន្តទៀត ខណៈដែល Barca ក៏ជួយគាំទ្ររូបគេពេញទំហឹងនូវរឿងរ៉ាវ ដែលអាជ្ញាធរអេស្ប៉ាញចោទប្រកាន់រឿងលួចបន្លំគេចពន្ធ។
Messi បានចូលលេងឲ្យ Barca ៦ប្រកួតដំបូងនៅរដូវកាលនេះ ប៉ុន្តែរូបគេបានអវត្តមាន១ខែហើយ បន្ទាប់ពីរបួសជង្គង់ ហើយប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ នឹងត្រូវអវត្តមានប្រហែល១ខែទៀត មុនពេលអាចចូលលេងបានវិញ នៅចុងខែវិច្ឆិកា ឬដើមខែធ្នូខាងមុខ៕